
បន្ទាប់ពីប្រកាសចេញលក់នូវជម្រើសអគ្គិសនីសុទ្ធរបស់ខ្លួនរួចរាល់ ពេលនេះ ក្រុមហ៊ុន Xpeng បានធ្វើការប្រកាសបង្ហាញចេញនូវរូបរាងផ្លូវការ ក៏ដូចជាព័ត៌មានខ្លះៗអំពីរថយន្ត MPV ៧កៅអី Xpeng X9 EREV របស់ខ្លួនហើយ ដោយក្នុងនោះ នឹងធ្វើការប្រកាសដាក់លក់នៅក្នុងទីផ្សារនៅចុងឆ្នាំនេះ។

រថយន្ត Xpeng X9 EREV នេះ គឺត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹងថ្មី SEPA 3.0 មានប្រវែង ៥ ៣១៦ ម.ម ទទឹង ១ ៩៨៨ ម.ម កម្ពស់ ១ ៧៨៥ ម.ម និងប្រវែងគម្លាតកង់ ៣ ១៦០ ម.ម ។ វាដំណើរការដោយបច្ចេកវិទ្យា EREV ផ្គួបជាមួយម៉ាសុីនសាំងចំណុះ 1.5T អាចផលិតកម្លាំងបាន ១៤៨សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ (RWD) អាចផលិតកម្លាំងបាន ២៨២សេះ ផ្គួបជាមួយអាគុយទំហំ ៦៣,៣គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៥២គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ៦០២គីឡូម៉ែត្រ។ លើសពីនេះ ក៏គាំទ្រនូវការសាកល្បឿនលឿន 5C ផងដែរ។

គួរបញ្ជាក់ថា សម្រាប់ការរចនារូបរាងផ្នែកខាងក្រៅវិញ ក៏បានរក្សានូវការរចនាដូចគ្នានឹងម៉ូឌែល EV ផងដែរ។ ជាមួយគ្នានេះ អ្វីដែលពិសេសនោះគឺផ្នែកខាងក្នុងតែម្តង ពោលគឺទទួលបាននូវជម្រើសពណ៌ថ្មី “Cloud Rose Brown”, ប្រព័ន្ធបញ្ចារតាម AI, មុខងារ zero gravity seats និងការតុបតែជាមួយបន្ទះឈើ Ayous ប្រវែងដល់ទៅ ៤,២ម៉ែត្រឯណ្ណោះ៕



















