
បន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរ ទីបំផុត ក្រុមហ៊ុន Leapmotor បានប្រកាសបង្ហាញចេញនូវ Teaser រថយន្តថ្មីរបស់ខ្លួនដែលមានឈ្មោះថា Leapmotor A10 ហើយ ដោយក្នុងនោះ នឹងធ្វើការប្រកាសបង្ហាញចេញជាផ្លូវការនៅក្នុងកម្មវិធី Guangzhou Auto Show ថ្ងៃទី ២១ ខែវិច្ឆិកាខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។

ក្នុងនោះ បើយោងតាមការរាយការណ៍ពីសារព៍ត៌មានរបស់ប្រទេសចិនផ្ទាល់ សម្រាប់រថយន្ត Compact SUV នេះ គឺត្រូវបានរំពឹងថានឹងអាចបើកបរបានចម្ងាយដល់ទៅ ៧០០គីឡូម៉ែត្រឯណ្ណោះ នៅពេលសាកថ្មពេញម្តង។

ចំពោះការរចនារបស់រថយន្ត Leapmotor A10 នេះវិញ គឺមានការរចនាមិនខុសប្លែកពីរថយន្តអគ្គិសនីផ្សេងៗនោះឡើយ ហើយវាក៏នឹងទទួលបាននូវប្រព័ន្ធ LiDAR នៅលើដំបូល ក៏ដូចជាប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ ព្រមទាំងប្រព័ន្ធ 360° ផងដែរ ខណៈព័ត៌មានលម្អិតផ្សេងៗទៀត គឺមិនទាន់បានបង្ហាញចេញនៅឡើយទេ៕




















