ក្នុង១ខេត្ត នឹងមានស្ថានីយសាក EV យ៉ាងហោច ២ ទៅ ៣កន្លែង ត្រឹមដើមឆ្នាំក្រោយ

នៅអំឡុងដើមឆ្នាំ២០២៦ខាងមុខនេះ ក្នុង១ខេត្ត នៃប្រទេសកម្ពុជា នឹង​មាន​ស្ថានីយបញ្ចូលថាមពលយានយន្ត​អគ្គិសនី យ៉ាងហោចណាស់ ២ ទៅ ៣កន្លែង ដើម្បីជំរុញ​ការប្រើប្រាស់​រថយន្តប្រភេទមិនបញ្ចេញផ្សែងនេះឲ្យបានកាន់តែច្រើនថែមទៀត។ នេះបើតាមការបញ្ជាក់របស់​លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥។

ត្រឹមចុងឆ្នាំ២០២៥នេះ ឬយ៉ាងយូរបំផុត​ត្រឹមខែមករា ឆ្នាំ​២០២៦ អគ្គិសនីកម្ពុជា​នឹងដាក់បន្ថែម​ទីតាំង​ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន៣០ស្ថានីយទៀត នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ដោយក្នុង១ខេត្ត នឹងមាន១ទីតាំងយ៉ាងហោច។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថា រាល់ការធ្វើសេវាកម្ម​បញ្ចូលថាមពលយានយន្តអគ្គិសនី ត្រូវមានអាជ្ញាបណ្ណចេញដោយ អាជ្ញាធរអគ្គិសនីកម្ពុជា។ ស្ថានីយបញ្ចូលថាមពល​ដែលមានអាជ្ញាបណ្ណ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖

-ធ្វើអាជីវកម្មស្របច្បាប់ និងការពារដោយច្បាប់

-ពុំមានការបង់ប្រាក់កក់ និងប្រាក់ភ្ជាប់ចរន្ត

-ពុំមានការចំណាយលើការវិនិយោគប្រព័ន្ធបណ្តាញអគ្គិសនី និងត្រង់ស្វូ

-មានការកំណត់ថ្លៃទិញ និងថ្លៃលក់អគ្គិសនីត្រឹមត្រូវ

-ប្រើប្រព័ន្ធគ្រប់គ្រងស្ថានីយ និងកម្មវិធីទូរសព្ទរួម។

យ៉ាងណាមិញ បើតាម​ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឲ្យដឹងថា មកទល់ពេលនេះ អាជ្ញាធរទើបតែចេញអាជ្ញាបណ្ណដល់​ក្រុមហ៊ុនបានចំនួន៤តែប៉ុណ្ណោះ។

កាលពីខែតុលាកន្លងទៅ អាជ្ញាធរអគ្គិសនីកម្ពុជា បាន​សម្រេចកំណត់​តម្លៃ​នៃការបញ្ចូលថាមពលសម្រាប់​ស្ថានីយបញ្ចូល​ថាមពលយានយន្តអគ្គិសនី រួមមានដូចខាងក្រោម:

១. ការបញ្ចូលថាមពលតាមចរន្តឆ្លាស់ (AC) តម្លៃ ១០៥០រៀលក្នុង១គីឡូវ៉ាត់ម៉ោង

២. ការបញ្ចូលថាមពលតាមចរន្តជាប់ (DC) ល្បឿនលឿន Fast Charge អនុភាពរហូតដល់ 250 kw តម្លៃ ១៣៥០រៀលក្នុង១គីឡូវ៉ាត់ម៉ោង

៣. ការបញ្ចូលថាមពលតាមចរន្តជាប់ (DC) ល្បឿនលឿនខ្លាំង Super-fast Charge អនុភាពលើសពី 250 kw ឡើង តម្លៃ ១៤៥០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។

​យោងតាម​ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១០ ៥៦៨គ្រឿង ក្នុងនោះរថយន្តអគ្គិសនី ៧ ១៨៧គ្រឿង, ត្រីចក្រយានយន្តអគ្គិសនីចំនួន ៦៧១គ្រឿង និងម៉ូតូអគ្គិសនីចំនួន ២៧១០គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម