ទើបសម្ពោធ EV លើកដំបូងថ្ងៃមុន ពេលនេះនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ទទួលបានរថយន្តអ៊ីដ្រូសែនថែមទៀត

ម៉ាឡេស៊ី កំពុងក្លាយ​ជាប្រទេសឈានមុខគេមួយក្នុងតំបន់អាស៊ាន ទៅលើការប្រើប្រាស់រថយន្តថាមពលស្អាត ដោយបានជំរុញរថយន្តអគ្គិសនី ហើយកាលពីថ្ងៃទី៩ ខែធ្នូម្សិលមិញនេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Datuk Seri Anwar Ibrahim ក៏បានទទួល​រថយន្តអ៊ីដ្រូសែន Toyota Mirai ថែមទៀតផង។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោកទទួលបានរថយន្ត១គ្រឿងនេះ ពីក្រសួងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នៃប្រទេសម៉ាឡេស៊ី ដោយលោកបានហៅថា វាជាជំហានដ៏សំខាន់មួយ​ក្នុង​ដំណើរផ្លាស់ប្តូររបស់ម៉ាឡេស៊ី ឆ្ពោះទៅរកយានយន្តបៃតងដែលបញ្ចេញឧស្ម័នទាប និង​បានឆ្លុះបញ្ចាំងពីគោលនយោបាយរបស់​ខ្លួន ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូអ៊ីដ្រូសែន ព្រមទាំងនាំមុខគេ​ក្នុងតំបន់ផងដែរ។

 

គួរដឹងថា ម៉ាឡេស៊ី​ជាប្រទេសដំបូងគេនៅអាស៊ានដែលមាន​ស្ថានីយបញ្ចូលថាមពលអ៊ីដ្រូសែន បើកសម្ពោធកាលពីខែឧសភា ឆ្នាំ២០២៥កន្លងទៅ នៅក្រុង Putrajaya ខណៈដែលពេលនោះក្រសួងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នៃប្រទេសម៉ាឡេស៊ី មានរថយន្ត Toyota Mirai ចំនួន៣គ្រឿង។ ស្ថានីយមួយនេះ ចំណាយការសាងសង់ប្រមាណជាង ៣,៦លានដុល្លារ ដែលអាចផ្គត់ផ្គង់អ៊ីដ្រូសែន ៥០គីឡូក្រាមជារៀងរាល់ថ្ងៃ។

គួរកត់សម្គាល់ដែរថា កាលពីដើមខែធ្នូកន្លងទៅ លោកនាយករដ្ឋមន្រ្តីក៏បានចូលរួមសម្ពោធដោយផ្ទាល់នូវរថយន្ត QV-E របស់ក្រុមហ៊ុនម៉ាឡេស៊ី Perodua ដែលជារថយន្តអគ្គិសនីជាតិដំបូងបំផុតរបស់ប្រទេសមួយនេះ ដែលផលិតពេញលេញនៅក្នុងស្រុក រាប់ចាប់តាំងពីការឌីហ្សាញ រហូតដល់ការផលិត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម