
ក្រុមហ៊ុន Xpeng Motors បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុនផលិតរថយន្តម៉ាឡេស៊ី EPMB Group ដើម្បីបង្កើតប្រតិបត្តិការផលិតកម្មក្នុងស្រុកនៅប្រទេសម៉ាឡេស៊ី នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុននៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥។

គម្រោងនេះ គឺជាគម្រោងផលិតកម្មអន្តរជាតិទី ៣ របស់ Xpeng បន្ទាប់ពីគម្រោងស្រដៀងគ្នានៅឥណ្ឌូនេស៊ី និង អូទ្រីស ហើយក៏ជាខ្សែសង្វាក់ផលិតកម្មរថយន្តចង្កូតស្តាំ (RHD) ដំបូងបង្អស់របស់ក្រុមហ៊ុនផងដែរ។
យោងតាមកិច្ចព្រមព្រៀង ការផលិតត្រូវបានគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៦ ខាងមុខនេះ ដោយផ្តោតដំបូងលើការផ្គុំរថយន្តម៉ូដែល G6 SUV និង X9 MPV ។ លើសពីនេះ រោងចក្រថ្មីនេះ ក៏នឹងបំពេញបន្ថែមដល់រោងចក្រដែលមានស្រាប់នៅប្រទេសឥណ្ឌូនេស៊ីផងដែរ៕



















