ក្រុមហ៊ុនរថយន្តវៀតណាម VinFast បានបើកសម្ពោធជាផ្លូវការរោងចក្រនៅចាវ៉ាខាងលិច ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រោយការសាងសង់ត្រឹមរយៈពេល ១៧ខែ។ នេះគឺជារោងចក្រទី៤ របស់ VinFast ប៉ុន្តែសម្រាប់នៅឥណ្ឌូណេស៊ីនេះ វាគឺជារោងចក្រទី១ នៅតំបន់អាស៊ាន ដែលស្ថិតក្រៅប្រទេសវៀតណាម។

រោងចក្រនេះ ត្រូវបានសាងសង់លើផ្ទៃដី ១៧១ហិចតា ដោយនឹងអភិវឌ្ឍក្នុងដំណាក់កាលជាច្រើន ជាមួយទឹកប្រាក់វិនិយោគសរុបជាង ១ពាន់លានដុល្លារ ដែលអាចផលិតរថយន្តបានដល់ ៣៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ។ ក្នុងនោះ ដំណាក់កាលដំបូង នឹងវិនិយោគជាង ៣០០លានដុល្លារ ដើម្បីផលិតរថយន្តអគ្គិសនី ៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ។

ដំណើរការផលិតរថយន្តនៅរោងចក្រ VinFast នេះ ធ្វើឡើងស្របតាមស្តង់ដារអន្តរជាតិ ជាមួយបច្ចេកវិទ្យាឈានមុខ និងកម្រិតខ្ពស់ ដើម្បីធានាគុណភាពរថយន្ត។
ការដាក់រោងចក្ររបស់ VinFast នៅក្នុងប្រទេសឥណ្ឌូណេស៊ី នឹងកាត់បន្ថយពេលវេលាចែកចាយរថយន្ត នៅក្នុងប្រទេសនេះ និងទីផ្សារប្រទេសអាស៊ានផ្សេងទៀតផងដែរ ដែលធ្វើឲ្យឥណ្ឌូណេស៊ី កាន់តែដើរតួនាទីសំខាន់និងជាមជ្ឈមណ្ឌលរថយន្តអគ្គិសនីនៅក្នុងតំបន់។

គួរដឹងថា ម៉ូឌែលរថយន្ត VinFast ដែលកំពុងមានវត្តមាននៅឥណ្ឌូណេស៊ី រួមមានដូចជា VF 3, VF 5, VF e34, VF 7 និង Limo Green ដែលជារថយន្តប្រភេទ MPV គ្រោងនឹងចេញនៅខែមីនា ឆ្នាំ២០២៦៕




















