
កំណត់ត្រាថ្មីត្រូវបានកត់ត្រាដោយរថយន្តគម្រូអគ្គិសនី Renault Filante បានបើកបរក្នុងចម្ងាយផ្លូវ ១ ០០៨ គីឡូម៉ែត្រ ក្នុងរយៈពេលតិចជាង ១០ ម៉ោង ជាមួយនឹងល្បឿនមធ្យម ១០២ គីឡូម៉ែត្រ/ម៉ោង និងកម្រិតស៊ីថាមពលត្រឹមតែ ៧ ៨ គីឡូវ៉ាត់ម៉ោង/១០០ គីឡូម៉ែត្រ ប៉ុណ្ណោះ។ អ្វីស្ទើរតែមិនគួរឲ្យជឿគឺរថយន្ដប្រើប្រាស់អាគុយទំហំតែ ៨៧ គីឡូវ៉ាត់ម៉ោង ជាទំហំដូចគ្នាទៅនឹងអាគុយបំពាក់លើរថយន្ត Scenic E-Tech electric ដែរ។ ជាមួយសមិទ្ធផលនេះបានបង្ហាញថា ចម្ងាយបើកបរដ៏ឆ្ងាយបែបនេះ គឺពិតជាអាចសម្រេចបាននៅក្នុងលក្ខខណ្ឌបើកបរលើផ្លូវល្បឿនលឿន (Motorway)។ នៅពេលបញ្ចប់ការធ្វើដំណើរ រថយន្ត Filante នៅសល់ថាមពលអាគុយ ១១% ទៀត ដែលអនុញ្ញាតឱ្យវាអាចបន្តដំណើរបានចម្ងាយ ១២០ គីឡូម៉ែត្រ បន្ថែមទៀត ក្នុងល្បឿនលើសពី ១០០ គីឡូម៉ែត្រ/ម៉ោង។
ក្នុងការធ្វើតេស្ដសាកល្បងមួយ បានធ្វើឡើងនៅឯទីលានសាកល្បង UTAC ក្នុងប្រទេសម៉ារ៉ុក កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ។ គោលបំណងនៃការធ្វើនេះបានបង្ហាញយ៉ាងច្បាស់ថា ការធ្វើដំណើរតាមរថយន្តអគ្គិសនីក្នុងចម្ងាយឆ្ងាយ គឺអាចទៅរួចដោយមិនចាំបាច់ពឹងផ្អែកលើការប្រើប្រាស់អាគុយដែលមានទំហំធំខុសធម្មតានោះឡើយ។
មុនឈានដល់ការបំបែកកំណត់ត្រានេះរថយន្ត Renault Filante ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់អាទិភាពខ្ពស់បំផុតលើប្រសិទ្ធភាពថាមពល ចាប់តាំងពីការគូម្រូប្លង់ដំបូង រហូតដល់ការសាកល្បងចុងក្រោយ។ ដើម្បីជោគជ័យក្នុងការធ្វើតេស្ដ រថយន្ដត្រូវបាផលិតឡើងដោយមានទម្ងន់ត្រឹមតែ ១ ០០០ គីឡូក្រាម។ ក្នុងដំណើរឈានទៅបំបែកកំណត់ត្រានេះក្រុមហ៊ុន Renault បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន Michelin ដើម្បីផលិតសំបកកង់ពិសេសដែលមានកម្លាំងកកិតទាប (Low-rolling-resistance tires) និងក្រុមហ៊ុន Ligier ដែលជាអ្នកអភិវឌ្ឍប្រព័ន្ធចលករ និងគ្រោងឆ្អឹងរថយន្ត។
សម្រាប់ការសាកល្បងនៅក្នុងទូខ្យល់ (Wind-tunnel) កាលពីដើមឆ្នាំ ២០២៥ បាននាំឲ្យមានការកែសម្រួលរូបរាងរថយន្តឡើងវិញយ៉ាងខ្លាំង បន្ទាប់ពីរកឃើញថា មេគុណកកិតជាមួយខ្យល់ (Drag coefficient) មានកម្រិតខ្ពស់ពេក។ ក្រុមវិស្វករបានកាត់បន្ថយកម្លាំងទប់កកិតជាមួយខ្យល់ពីប្រមាណ 0.40 មកត្រឹម 0.30។ ដើម្បីសម្រេចបាននូវចំណុចនេះ ក្រុមការងារបានអនុវត្តការផ្លាស់ប្តូរធំៗមួយចំនួនដូចជា៖
- របាំងកង់ (Wheel Fairings): ត្រូវបានរចនាឡើងវិញ និងបំពាក់ជាប់ទៅនឹងកង់ផ្ទាល់តែម្តង ដើម្បីជួយឲ្យលំហូរខ្យល់កាន់តែល្អប្រសើរ។
- ស្លាបសម្រួលខ្យល់ (Streamlined Wings): ពួកគេបានកែសម្រួលស្លាបសម្រួលខ្យល់ ឡើងវិញ ដើម្បីជួយឲ្យខ្យល់ធ្វើចលនាបានយ៉ាងរលូននៅជុំវិញគ្រឿងបង្គុំរបស់បូម និងប្រព័ន្ធបញ្ជូនចលនារបស់វា។
- ច្រកស្រូបខ្យល់ (Air Intakes): ត្រូវបានកាត់បន្ថយទំហំឲ្យតូចជាងមុន ដើម្បីលុបបំបាត់កម្លាំងកកិតជាមួយខ្យល់ដែលនៅសេសសល់ (Parasitic drag)។
ទន្ទឹមគ្នានេះដើម្បីកាត់បន្ថយទម្ងន់ឲ្យនៅកម្រិតស្រាលបំផុត ក្រុមការងារអភិវឌ្ឍន៍បានប្រើប្រាស់នូវសម្ភារៈទំនើបៗ និងចង្វាក់ផលិតកម្មកម្រិតខ្ពស់ជាច្រើនក្នុងនោះរួមមាន៖
- រចនាសម្ព័ន្ធសមាសធាតុ (Composite Structures): ការប្រើប្រាស់យ៉ាងទូលំទូលាយនូវសារធាតុសរសៃកាបូននិងលោហៈធាតុអាលុយមីញ៉ូម។
- ការបោះពុម្ពបែប 3D (3D Printing): ការបញ្ចូលនូវគ្រឿងបង្គុំដែលផលិតពី Scalmalloy (លោហៈធាតុសម្រាប់វិស័យអាកាសចរណ៍) និងអាលុយមីញ៉ូម ដែលផលិតតាមរយៈបច្ចេកវិទ្យាបោះពុម្ព 3D។
- ប្រព័ន្ធហ្វ្រាំងបញ្ជាដោយអគ្គិសនី (Brake-by-Wire): សម្រាប់ប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិចដែលផ្តល់នូវភាពបត់បែនខ្ពស់ក្នុងការរចនារចនាសម្ព័ន្ធរថយន្ត ខណៈពេលដែលជួយកាត់បន្ថយទម្ងន់បានយ៉ាងច្រើន។
ក្រោយពីប្រើសមាសធាតុពិសេសវាបានជួយឲ្យរថយន្តសម្រេចបាននូវគោលដៅសមត្ថភាពរបស់ខ្លួន ក្នុងអំឡុងពេលនៃការសាកល្បងភាពធន់ (Endurance test) មានចំនួន ២៣៩ ជុំ។ ចំពោះគំនិតនៃការរចនារបស់រថយន្ត Filante គឺជាការផ្តល់កិត្តិយសដល់កេរដំណែលនៃល្បឿននៃការបើកបើកបរ និងភាពធន់របស់ក្រុមហ៊ុន Renault។
សម្រាប់ពណ៍ស្វាយនៃតួខ្លួនរថយន្តទាំងមូល គឺជាការរំលឹកដល់រថយន្តបំបែកកំណត់ត្រា 40 CV កាលពីឆ្នាំ ១៩២៥ និងរថយន្ត Étoile Filante ឆ្នាំ ១៩៥៦។ ដោយឡែកចំពោះកាប៊ីនអ្នកបើកបរមានលក្ខណៈជាពពុះការពារ (Protective bubble) ទទួលបានការបំផុសគំនិតពីយន្តហោះចម្បាំង ហើយទីតាំងអង្គុយរបស់អ្នកបើកបរត្រូវបានរចនាតាមគំរូរថយន្តប្រណាំង Formula 1៕
























