កម្ពុជា នឹងក្លាយជាប្រទេសទី៣នៅអាស៊ាន ដែលមានរោងចក្រដំឡើងរថយន្ត Jetour

កាលពីពេលថ្មីៗនេះ គម្រោងរោងចក្រផ្គុំដំឡើងរថយន្ត Jetour របស់ក្រុមហ៊ុន KNN AUTOMOTIVE CO., LTD ត្រូវបានដាក់ស្នើទៅកាន់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ប្រសិនបើគម្រោងនេះ ត្រូវបានអនុម័តយល់ព្រមនោះ កម្ពុជា នឹងក្លាយជាប្រទេសទី៣ នៅក្នុងតំបន់អាស៊ាន ដែលមានរោចក្រ​ដំឡើងរថយន្ត Jetour។

គួរដឹងថា រោងចក្រដំឡើងរថយន្ត Jetour គឺមានវត្តមាននៅក្នុងប្រទេសអាស៊ាន ២រួចមកហើយ គឺ​ប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រោងចក្រនៅប្រទេសម៉ាឡេស៊ី ដំឡើងរថយន្ត Jetour Dashing និង Jetour VT9 កាលពីខែកក្កដា ឆ្នាំ​២០២៥ មានទីតាំងនៅទីក្រុង Johor Bahru សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសអាស៊ានផ្សេងទៀត, អូស្ត្រាលី, ញ៊ូហ្សេលែន និងមជ្ឈឹមបូព៌ា។

ចំណែករោងចក្រនៅប្រទេសឥណ្ឌូណេស៊ី គឺដំឡើងរថយន្ត Jetour X70 Plus និង Jetour Dashing កាលពីខែតុលា ឆ្នាំ២០២៤ មានទីតាំងនៅជិតក្រុងហ្សាកាតា តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនក្នុងស្រុក PT Handal Indonesia Motor។

ចំណែក​ម៉ូឌែលរថយន្តដែលគ្រោងដំឡើងនៅកម្ពុជានោះ រួមមាន Jetour X50, Jetour Dashing (Premium & ECO), Jetour X70 (Plus & ECO), Jetour T2 និង Jetour T1។

គួរដឹងដែរថា រថយន្ត JETOUR ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Chery Holding ដែលបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៧ ដែលគេស្គាល់ថាជាក្រុមហ៊ុនយក្សរទាំង៥ របស់ប្រទេសចិន មានប៉ាតង់បច្ចេកវិទ្យាដល់ទៅ ២៥០០០មុខ ជំនាញខាងផលិតរថយន្ត និងម៉ាស៊ីន។

សូមរំលឹកថា ក្រុមហ៊ុន JETOUR AUTO បានផ្តល់សិទ្ធឲ្យក្រុមហ៊ុន KNN CAMBODIA លើការនំាចូលនិង ចែកចាយផ្តាច់មុខនូវរថយន្តម៉ាក JETOUR តែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើពិធីចុះហត្ថលេខាកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន ក្នុងទីក្រុងអានហ៊ួយ ប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម