
រថយន្ត Xpeng G7 ប្រភេទ EREV (Extended Range) មានសមត្ថភាពអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៤៣០ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាត CLTC ខណៈប្រើសាំងលាយអគ្គិសនី អាចបើកបរបានចម្ងាយរហូតដល់ ១ ៧០៤ គីឡូម៉ែត្រ។ ជារយៈចម្ងាយបើកបរសរុបឆ្ងាយបែបនេះបានធ្វើឲ្យវាក្លាយជារថយន្ត SUV អាចបើកបរបានឆ្ងាយបំផុតនៅលើពិភពលោក នេះបើយោងតាមរយៈការបង្ហោះពីក្រុមហ៊ុន Xpeng នៅលើបណ្តាញសង្គម Weibo ។ ជាមួយរយៈចម្ងាយបើកបរសរុបនេះ សូម្បីតែរថយន្តប្រើសាំងធម្មតាក៏ពិបាកនឹងធ្វើបានដែរ ប្រសិនបើមិនចាក់សាំងបន្ថែម។
រថយន្ដ Xpeng G7 ប្រភេទ EREV ដោយបំពាក់ជាមួយបច្ចេកវិទ្យា 800V និងការសាកថ្មល្បឿនលឿនកម្រិត 5C អនុញ្ញាតឲ្យរថយន្ដនេះប្រើពេលសាកថ្មត្រឹមតែ ១២ នាទីអាចបើកបរបានចម្ងាយ ៣១៤ គីឡូម៉ែត្រ។ សម្រាប់ការដាក់សម្ពោធជាផ្លូវការត្រូវបានគ្រោងទុកនៅត្រីមាសទី ១ នៃឆ្នាំ ២០២៦ ខាងមុខនេះ។
សម្រាប់កម្រិតសមត្ថភាពរថយន្ដ Xpeng G7 ប្រភេទ EREV ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១.៥ Turbo រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ ក្នុងនោះម៉ាស៊ីនសាំងរបស់រថយន្ដនេះអាចកម្លាំងអតិបរមា ១១០ គីឡូវ៉ាត់ ឬស្មើនិង ១៤៨ សេះ ខណៈម៉ូទ័រអគ្គិសនីរចំនួនមួយអាចកម្លាំងអតិបរមា ២១៨ គីឡូវ៉ាត់ ឬស្មើនិង ២៩២ សេះ។ ជាមួយនេះរថយន្ដ Xpeng G7 ប្រភេទ EREVបានបំពាក់មកជាមួយអាគុយប្រភេទលីចូមដែកផូស្វាត មានទំហំ ៥៥.៨ គីឡូវ៉ាត់ម៉ោង (kWh) រួមបញ្ចូលជាមួយធុងសាំងមានចំណុះ ៦០ លីត្រ នេះបើយោងតាមការបញ្ជាក់ពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន MIIT ។
ចំពោះរូបរាងខាងក្រៅវិញ រថយន្ត Xpeng G7 ប្រភេទ EREV នៅតែរក្សាការរចនាដូចគ្នាទៅនឹងប្រភេទអគ្គិសនីសុទ្ធ (BEV) ដោយបន្តប្រើប្រាស់នូវរចនាផ្នែកខាងមុខបែប “X Face” ជំនាន់ទី២ របស់ក្រុមហ៊ុន Xpeng។
ពិនិត្យមើលពីផ្នែកចំហៀង រថយន្ត Xpeng G7 EREV មានបំពាក់នូវកញ្ចក់ជំហៀងពណ៌ខ្មៅ ដៃទ្វារដែលបង្កប់ និងកញ្ចក់បង្អួចផ្នែកខាងក្រោយជាប្រភេទការពារឯកជនភាព (privacy glass)។ ចំពោះទំហំរូបបរាងផ្នែកខាងក្រៅ Xpeng G7 EREV នេះមានប្រវែងវែងជាងមុន ២៦ មីលីម៉ែត្រ ដោយវាមានប្រវែងតួខ្លួនសរុប ៤ ៩១៨មម ទទឹង ១ ៩២៥មម កម្ពស់ ១ ៦៥៥មមនិងប្រវែងគម្លាតកង់មុខក្រោយ ២ ៨៩០មម។
នៅផ្នែកខាងក្រោយរចនាជាមួយចង្កៀងរាងជាអក្សរ “C” អូសកាត់ពេញទទឹងផ្នែកខាងក្រោយ ភ្ជាប់មកជាមួយអក្សរ “XPENG” នៅចំកណ្ដាលនៃទ្វារក្រោយ ខណៈរន្ធសម្រាប់សាកថ្មគឺស្ថិតនៅផ្នែកខាងលើកង់ក្រោយខាងស្តាំ។ ចំណុចខុសគ្នាខ្លាំងបំផុតរវាងប្រភេទ EREV និង BEV គឺការបន្ថែមនូវផ្លាកសញ្ញា “POWER X” នៅជ្រុងខាងក្រោមផ្នែកខាងស្តាំ។ យ៉ាងសម្រាប់តម្លៃរបស់រថយន្ដនេះក្រុមហ៊ុនមិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយទេ ដូច្នេះមានតែរង់ចាំមើលថ្ងៃដាក់សម្ពោធជាផ្លូវការ។
គួររំលឹកផងបច្ចុប្បន្ន រថយន្ត Xpeng G7 ប្រភេទអគ្គិសនីសុទ្ធ (BEV) មានដាក់លក់ចំនួន ៣ ម៉ូឌែលជាមួយតម្លៃចន្លោះតម្លៃចាប់ពី ២៧ ៩០០ ដល់ ៣២ ២០០ ដុល្លារនិងមានសមត្ថភាពបើកបរបានចម្ងាយ ៦០២ គីឡូម៉ែត្រ និង ៧០២ គីឡូម៉ែត្រ អាស្រ័យតាម Specs របស់រថយន្ដគិតតាមតាមស្ដង់ដារ CLTC៕



























