ដើម្បីបានកាតគ្រីប្រភេទថ្មីដែលក្រសួងទើបប្រកាសចេញ តើត្រូវមានលក្ខខណ្ឌយ៉ាងណាខ្លះ?

ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ប្រកាសដាក់ឲ្យប្រើប្រាស់​បណ្ណសម្គាល់យានជំនិះប្រភេទថ្មី ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២៦នេះតទៅ។ បណ្ណសម្គាល់យានជំនិះ​ប្រភេទថ្មីនេះ ត្រូវបានធ្វើទំនើបកម្មដោយបំពាក់នូវបច្ចេកវិទ្យាដើម្បីពង្រឹងគុណភាពទប់ស្កាត់ការក្លែងបន្លំ ដែលបង្កឡើងដោយក្រុមបុគ្គលទុច្ចរិតមួយចំនួន។

ដូច្នេះចាប់ពីថ្ងៃនេះតទៅ ប្រសិនបើអ្នកទើបទិញរថយន្តថ្មី គឺនឹងទទួលបាន​បណ្ណសម្គាល់យានជំនិះប្រភេទថ្មីនេះ ដោយត្រូវដាក់ពាក្យសុំចុះបញ្ជី​យានជំនិះនៅទីតាំង​ផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឬតាមប្រព័ន្ធអនឡាញ។ ម្ចាស់​យានជំនិះ ត្រូវភ្ជាប់មកជាមួយឯកសារដូចជា អត្តសញ្ញាណបណ្ណ បង្កាន់ដៃពន្ធយានយន្ត លិខិតទិញលក់ និងវិញ្ញាបនបត្រត្រួតពិនិត្យ​លក្ខណៈបច្ចេកទេស​យានជំនិះ ឬឆៀក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ តើក្នុងលក្ខខណ្ឌបែបណាខ្លះ ដែល​អាចប្តូរបណ្ណសម្គាល់យានជំនិះប្រភេទចាស់ ដើម្បីយកប្រភេទថ្មីនេះបាន?

យោងតាម​មាត្រា២១ នៃអនុក្រឹត្យលេខ៧៣ ស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ ចុះកាលពីខែមិថុនា ឆ្នាំ ២០១៩ បានឲ្យដឹងថា បណ្ណសម្គាល់យានជំនិះ ត្រូវប្តូរ​ក្នុងករណីយានជំនិះ​នោះ ត្រូវបានផ្ទេរកម្មសិទ្ធ ឬត្រូវបានប្តូរពណ៌ ប្តូរម៉ាស៊ីន ឬម្ចាស់កម្មសិទ្ធិប្តូរអាសយដ្ឋានស្នាក់នៅអចិន្ត្រៃយ៍។

ទន្ទឹមនេះ យោងតាមមាត្រា២៣ នៃអនុក្រឹត្យដដែល ឲ្យដឹងទៀតថា ក្នុងករណីបណ្ណសម្គាល់យានជំនិះ ត្រូវបានបាត់​ ម្ចាស់យានជំនិះត្រូវដាក់ពាក្យសុំធ្វើទុតិយតា ឬតតិយតាបណ្ណសម្គាល់យានជំនិះ នៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ឬទីតាំងផ្តល់សេវាសាធារណៈដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកសារតម្រូវរួមមាន អត្តសញ្ញាណបណ្ណ, ពាក្យស្នើសុំ (បិទលេខតួ-លេខម៉ាស៊ីន កាល់ជាក់ស្តែង), ពាក្យបណ្តឹង​ដែលមានបញ្ជាក់ពី​ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ និងឆៀក។

លក្ខខណ្ឌមួយទៀតគឺ​ក្នុងករណីបណ្ណសម្គាល់​យានជំនិះ ត្រូវបានបាក់ រហែក រលុបអក្សរ ឬលេខ ម្ចាស់យានជំនិះ ត្រូវដាក់ពាក្យសុំប្តូរយកបណ្ណសម្គាល់យានជំនិះថ្មី ដោយភ្ជាប់មក​ជាមួយនូវបណ្ណសម្គាល់យានជំនិះ ដែលបានបាក់ រហែក រលុបអក្សរ ឬលេខនោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម