
ក្នុងចំណោមប្រព័ន្ធសុវត្ថិភាពនានាដែលបំពាក់លើរថយន្តនាពេលបច្ចុប្បន្ន គឺភាគច្រើនពិតជាមិនអាចខ្វះឡើយ នូវប្រព័ន្ធហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ (AEB) ឬហៅខ្លីថា ហ្វ្រាំងអូតូ។
ប្រព័ន្ធនេះ ប្រើសេនស័រ ដើម្បីស្កេនអង្កេតនូវឧបសគ្គអ្វីមួយដែលមានដូចជា អ្នកថ្មើរជើង ឬយានយន្តដទៃ ដែលអាចមានសក្តានុពលក្នុងការបុក ប៉ះទង្គិចជាមួយរថយន្តរបស់យើង។ ពេលនោះប្រព័ន្ធនឹងបន្លឺសំឡេងដាស់តឿន ហើយបើអ្នកបើកបរមិនជាន់ហ្វ្រាំងទាន់ពេលទេ ប្រព័ន្ធនេះជាអ្នកចាប់ហ្វ្រាំងជំនួសតែម្តង ដើម្បីការពារមិនឲ្យរថយន្តទៅបុកប៉ះឧបសគ្គនោះបានឡើយ។

បើទោះជាហ្វ្រាំងអូតូ បានបង្កើនសុវត្ថិភាពខ្ពស់ដល់អ្នកបើកបរ និងអ្នករួមដំណើរក្នុងរថយន្តបែបនេះក្តី ប៉ុន្តែក្នុងស្ថានភាពជាក់លាក់មួយចំនួន មុខងារនេះធ្វើការមិនបានល្អឡើយ ហើយពេលខ្លះគឺគួរបិទចោលតែម្តង ដើម្បីបញ្ចៀសបញ្ហាដែលអាចកើតមានឡើងជាយថាហេតុ។
១. អាកាសធាតុ៖ ពេលមានភ្លៀងធ្លាក់ខ្លាំង ព្រិល ចុះអ័ព្ទ ឬនៅពេលយប់ គឺនឹងរំខានដល់មុខងាររបស់សេនស័រ ដែលនឹងមិនអាចដំណើរការបានល្អឡើយ។
២. ផ្លូវលំបាក៖ នៅពេលបើកបរលើស្ថានភាពផ្លូវ Off-road ឬឡើងចុះភ្នំ គួរបិទមុខងារនេះចោលកុំឲ្យមានការរំខាន ព្រោះស្ថានភាពផ្លូវបែបនេះ តម្រូវឲ្យអ្នកបើកបរផ្តោតយកចិត្តទុកដាក់កាន់តែខ្លាំង។
៣. ពេលឆ្លងកាត់ស្ពាន ឬផ្លូវដែក៖ នៅពេលរថយន្តបើកមកកៀកឡើងស្ពាន ឬកៀកនឹងឆ្លងផ្លូវរថភ្លើង សេនស័រអាចនឹងយល់ច្រលំថា វាជាឧបសគ្គព្រោះវាជារចនាសម្ព័ន្ធលោហៈ ដែលពេលខ្លះ វាចាប់ហ្វ្រាំងអូតូទាំងដែលមិនចាំបាច់ និងរំខានដល់ការធ្វើដំណើរទាំងខ្លួនឯង និងអ្នកដទៃ។
៤. កន្លែងដែលមានចរាចរណ៍មមាញឹក៖ នៅពេលបើករថយន្តចូលទីកន្លែងដែលមានចរាចរណ៍ច្រើន វាប្រាកដជាឧស្សាហ៍ចាប់ហ្វ្រាំងអូតូច្រើនផងដែរ ដែលអាចបង្កើនហានិភ័យនៃការបុកប៉ះពីយានយន្តដែលនៅខាងក្រោយ។
៥. ពេលចូលចំណត៖ សេនស័រហ្វ្រាំងអូតូ អាចនឹងច្រលំថា ជញ្ជាំង ឬវត្ថុអ្វីមួយដែលនៅកៀកៗ គឺជាឧបសគ្គនោះ វានឹងចាប់ហ្វ្រាំងទាំងដែលមិនចាំបាច់ ហើយរំខានដល់ការសារ៉េចូលចតរបស់អ្នកបើកបរទៀតផង៕






















