EDC ត្រៀមដាក់ដំណើរការស្ថានីយ EV ជាបន្តបន្ទាប់​នៅតាមរាជធានី-ខេត្តទាំង២៥ ឆាប់ៗនេះ

អគ្គិសនីកម្ពុជា (EDC) បាន​ចូលរួមវិនិយោគបង្កើតស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅតាមរាជធានី-ខេត្តទាំង២៥ ដែលស្ថានីយទាំងនោះ​នឹងចាប់ផ្តើមដាក់ឲ្យដំណើរការជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមលិខិតមួយរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ផ្ញើជូនដល់​អ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មអគ្គិសនី កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។

តាមរយៈលិខិតនេះ គឺអាជ្ញាធរអគ្គិសនីកម្ពុជា បានជំរុញឲ្យ​អ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មអគ្គិសនីទាំងអស់នៅកម្ពុជា ពិនិត្យលទ្ធភាពវិនិយោគបង្កើតស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅក្នុងតំបន់​ផ្គត់ផ្គង់អគ្គិសនីរបស់ខ្លួន និងចូលរួមប្រើប្រាស់​យានយន្តអគ្គិសនី ជាពិសេស​ យានយន្តសម្រាប់​បម្រើ​ឲ្យប្រតិបត្តិការអាជីវកម្មអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួររំលឹកថា ក្នុងពិធីសម្ពោធស្ថានីយបញ្ចូលថាមពលរបស់ក្រុមហ៊ុន Zo Motors Cambodia កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងថា កម្ពុជាបាននិងកំពុងជំរុញបង្កើតស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី ឱ្យគ្របបណ្តប់នៅទូទាំងប្រទេស សម្រាប់បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការធ្វើអាជីវកម្ម ជាពិសេសសហគ្រាសដឹកជញ្ជូន តាមរយៈនៃការកាត់បន្ថយនូវការចំណាយខ្ពស់ និងការចូលរួមលើកកម្ពស់ថាមពលស្អាត។

គួរដឹងថា ក្រុមហ៊ុន Zo Motors Cambodia បានប្រកាសពីការតាំងចិត្តរបស់ខ្លួន ក្នុងគម្រោង​ពង្រាយស្ថានីយបញ្ចូលថាមពលល្បឿនលឿនឲ្យបាន​ចំនួន ៣០០ទីតាំងនៅទូទាំងប្រទេស។ ក្នុងនោះ ក្រុមហ៊ុនបង្កើតស្ថានីយបាន ៣០ទីតាំងក្នុងឆ្នាំ២០២៥ ហើយគ្រោងសង់ ២០០ទីតាំងនៅឆ្នាំ២០២៦នេះ និងបន្ថែម ៧០ទីតាំងទៀតនៅឆ្នាំ២០២៧។

សូមជម្រាបថា ពេល​ដែលប្រទេស​មានហេដ្ឋារចនាសម្ព័ន្ធស្ថានីយបញ្ចូលថាមពលកាន់តែច្រើនឡើងនោះ នឹងផ្តល់ប្រយោជន៍ដូចជា៖

១-ផ្តល់ទំនុកចិត្តកាន់តែខ្លាំងឡើងដល់អ្នកកំពុងប្រើប្រាស់ និងអ្នកមានបំណងប្រើប្រាស់យានយន្តអគ្គិសនី

២-ជួយសម្រួលដល់អាជីវកម្មលក់ និងចែកចាយយានយន្តអគ្គិសនី ឲ្យកាន់តែមានចីរភាព

៣-ជួយប្រើប្រាស់ថាមពលអគ្គិសនីដែលផលិតក្នុងស្រុក

៤-កាត់បន្ថយលំហូសាច់ប្រាក់ចេញក្រៅប្រទេសដើម្បីទិញឥន្ធនៈពីបរទេស

៥-ជួយប្រជាពលរដ្ឋសន្សំសំចៃថវិកា ដោយប្តូរមកប្រើយានយន្តអគ្គិសនី

៦-លើកកម្ពស់ថាមពលស្អាតតាមរយៈការកាត់បន្ថយការបំភាយឧស្ម័នកខ្វក់ទៅលើអាកាស

៧-ជួយធ្វើឲ្យប្រសើរដល់សុខភាពសាធារណៈ តាមរយៈការបន្ថយជាតិពុលក្នុងបរិយាកាស

៨-ធ្វើឲ្យទំនិញចុះថោក តាមរយៈតម្លៃដឹកជញ្ជូនទាបជាងមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម