
កាលពីថ្ងៃទី ២៦ ខែមីនា ក្រុមហ៊ុន BYD បានប្រកាសដាក់លក់ជាផ្លូវការនូវរថយន្តអគ្គិសនី Song Ultra EV ផ្ដល់មកជាមួយ ៤ជម្រើសផ្សេងគ្នា ក្នុងតម្លៃចន្លោះពី ២១ ០០០ ដល់ ២៤ ៨០០ ដុល្លារ។ យោងតាមគេហទំព័រ Autohome បានឲ្យដឹងថារថយន្ដេះផ្ដល់ជូនរយៈចម្ងាយនៃការបើកបរចន្លោះ ៦២០ គីឡូម៉ែត្រ និង ៧១០ គីឡូម៉ែត្រ ក្នុងមួយការសាកពេញគិតតាមស្តង់ដារវាស់ចម្ងាយ CLTC អាស្រ័យទៅតាមទំហំអាគុយ។
រថយន្ត Song Ultra EV ត្រូវបានការរចនាផ្នែកខាងមុខបែបសាមញ្ញបំផុត (Minimalist) ជាមួយនឹងប៉ាណាពណ៌ខ្មៅ និងចង្កៀងមុខដែលត្រូវបានបញ្ជូលគ្នាជាផ្ទាំងតែមួយ។ បន្ថែមពីនេះ ក៏មានភ្លើងបំភ្លឺពេលថ្ងៃជាខ្សែវែងអូសកាត់ទទឹងផ្ទៃខាងមុខផងដែរ។ នៅផ្នែកខាងក្រោយត្រូវបានរចនាជាមួយចង្កៀងលាតសន្ធឹងពេញទទឹងផ្នែកខាងក្រោយ ភ្ជាប់ជាមួយ Spoiler បង្កប់ជាប់នឹងដំបូលតែម្តង។ សម្រាប់ពណ៌តួខ្លួនខាងក្រៅមានជម្រើសរហូតដល់ទៅ ៦ពណ៌។
ផ្ទៃខាងក្នុងនៃកាប៊ីនរថយន្ត បានបំពាក់ជាមួយអេក្រង់កម្សាន្ដទំហំ ១៥.៦ អុីងអាចបង្វិលបាន, កុងទ័រឌីជីថលទំហំ ១០.២៥ អុីង និងស្លាយកុងទ័រ (Head-up display) ទំហំ ២៦ អុីង។ សម្រាប់ប្រព័ន្ធបញ្ជានៅផ្នែកខាងក្នុងដំណើរការដោយប្រព័ន្ធ UI 7.0 របស់ BYD ផ្ទាល់តែម្តង។ បន្ថែមពីនេះ រថយន្តនេះត្រូវបានបំពាក់ជាមួយប្រព័ន្ធបញ្ជាដោយសំឡេងដែលអាចប្រើប្រាស់បានដល់ទៅ ៤តំបន់នៅផ្នែកខាងក្នុង។
យោងតាមរបាយការណ៍ដាច់ដោយឡែកមួយពី CarNewsChina ផ្អែកលើឯកសារចុះបញ្ជីរបស់ក្រសួង MIIT បានបញ្ជាក់ថា Song Ultra EV គឺជាមានរថយន្ត SUV អគ្គិសនីប្រភេទ B-segment ដំបូងគេបង្អស់នៅក្នុងត្រកូល Dynasty របស់ BYD ដោយវាប្រើប្រាស់ម៉ូទ័រក្រោយតែមួយ និងអាចបើកបរបានចម្ងាយរហូតដល់ ៧១០គីឡូម៉ែត្រ។
គ្រប់ម៉ូឌែលទាំងអស់ត្រូវបានបំពាក់ដោយអាគុយប្រភេទ Short Blade Battery 2.0 របស់ BYD ឬហៅម្យ៉ាងទៀតថា Blade Battery ជំនាន់ទី២។ ចំពោះទំហំផ្ទុករបស់អាគុយមានជម្រើស ៦៨.៤គីឡូវ៉ាត់ម៉ោង និង ៨២.៧គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២០គីឡូម៉ែត្រ និង ៧១០គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC ។
សម្រាប់ការសាកថ្មវិញវាអាចការសាកពី ១០% ទៅ ៧០% ប្រើពេលត្រឹមតែ ៥ នាទី ប៉ុណ្ណោះ ខណៈការសាកពី ១០% ទៅ ៩៧% ចំណាយពេលត្រឹមតែ ៩នាទី។ ទោះបីជាស្ថិតក្នុងស្ថានភាពត្រជាក់ខ្លាំងដល់ -៣០°C ក៏ដោយ ក៏រយៈពេលសាកថ្មនឹងកើនឡើងត្រឹមតែប្រហែល ៣នាទីបន្ថែមទៀតតែប៉ុណ្ណោះ៕






















