
ក្រុមហ៊ុន GAC-Toyota បានប្រកាសដាក់លក់ជាផ្លូវការនូវរថយន្តអគ្គិសនី Sedan ម៉ូឌែលថ្មីរបស់ខ្លួនគឺ bZ7 ។ រថយន្តនេះផ្ដល់ជាមួយជម្រើសរហូតដល់ ៥ម៉ូឌែលដាក់លក់ជាមួយចន្លោះពី ២០ ៤០០ ដល់ ២៧ ៦០០ ដុល្លារ ជាតម្លៃទទួលបានឧបត្ថម្ភធនពីសំណាក់រាជរដ្ឋាភិបាល។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតរថយន្ដ Toyota bZ7 បានបំពាក់មកជាមួយនូវបច្ចេកវិទ្យាកាប៊ីនឆ្លាតវៃ Huawei HarmonyOS 5.0, ប្រព័ន្ធជំនួយការបើកបរ Momenta R6 ADAS និងប្រព័ន្ធចលករអគ្គិសនី Huawei Drive ONE។
ដោយសារតែភាពទំនើបថែមទាំងតែមានការសហការជាមួយម៉ាកយីហោជប៉ុន Toyota ជាពិសេសមានតម្លៃល្អទៀត មិនចម្លែកទេដែលរថយន្ដនេះទទួលបានការបញ្ជាទិញរហូតដល់ជាង ៣ ១០០គ្រឿង ក្នុងរយៈពេលត្រឹមតែមួយម៉ោងដំបូងនៃការបើកលក់ប៉ុណ្ណោះ នេះបើយោងតាមអនុប្រធានផ្នែកលក់របស់ក្រុមហ៊ុន GAC Toyota លោក Peng Baolin។
រថយន្តអគ្គិសនី bZ7 ផ្ដល់ជូនរយៈចម្ងាយបើកបរ ៦០០ គីឡូម៉ែត្រ, ៧០០ គីឡូម៉ែត្រ, ៧១០ គីឡូម៉ែត្រ គិតតាមស្តង់ដារ CLTC អាស្រ័យតាមម៉ូឌែលនិងទំហំអាគុយ។ សម្រាប់រថយន្តនេះបានចាប់ផ្តើមបើកទទួលការបញ្ជាទិញទុកមុនកាលពីដើមខែនេះ បន្ទាប់ពីវាត្រូវបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពិព័រណ៍រថយន្ត Shanghai Auto Show កាលពីឆ្នាំមុន។
ប្រឡេកមើលពីរចនាប័ទ្មរូបរាងផ្នែកខាងក្រៅ bZ7 ផ្នែកខាងមុខត្រូវបានបំពាក់ជាមួយឆ្នូតភ្លើង LED បញ្ឈរ និងភ្លើងបំភ្លឺពេលថ្ងៃរាងអក្សរ C បន្ថែមដោយចង្កៀងមុខមានរាងមុតស្រួច និងប៉ាណាខាងក្រោមមានទំហំធំទូលាយ។ រថយន្តនេះប្រើប្រាស់ការរចនាបែប Fastback Coupe ឌីស្សាញជាមួយទម្រង់ដំបូលទាបទៅផ្នែកខាងក្រោយចាប់ពីសសរ C ទៅ ព្រមទាំងមានដៃទ្វារប្រភេទបង្កប់ពាក់កណ្តាល Semi-hidden។ ចំណែកផ្នែកខាងក្រោយវិញ បំពាក់ដោយភ្លើងស្តុប LED រាងជាបន្ទាត់អូសកាត់ពេញទទឹងផ្នែកខាងក្រោយ ដើម្បីឲ្យសុីគ្នាជាមួយការរចនានៅផ្នែកខាងមុខ។
សម្រាប់ទំហំរូបរាងនៅផ្នែកខាងក្រៅរថយន្ដនេះមានប្រវែងតួខ្លួនសរុប ៥ ១៣០ មីលីម៉ែត្រ, ទទឹង ១ ៩៦៥ មីលីម៉ែត្រ, កម្ពស់ ១៥០៦ មីលីម៉ែត្រ និងប្រវែងគម្លាតកង់មុខក្រោយ ៣ ០២០ មីលីម៉ែត្រ។ បន្ថែមពីនេះរថយន្ត Toyota bZ7 ក៏បំពាក់មកជាមួយនូវយ៉ាន់កង់ទំហំ ២០ អ៊ីង ជាស្តង់ដារ និងមានជម្រើសពណ៌ខាងក្រៅរហូតដល់ទៅ ៧ ពណ៌។ ងាកមើលផ្នែកខាងក្នុងវិញ ទាំងកៅអីជួរមុខ និងជួរក្រោយ សុទ្ធតែមានមុខងារខ្យល់ត្រជាក់, មុខងារកម្ដៅ, មុខងារម៉ាស្សា ខណកៅអីជួរមុខក៏មានមុខងារ Zero-gravity នេះក៏ជាចំណុចលេចធ្លោរបស់រថយន្ដនេះផងតម្លៃខ្ទង់២មុឺនដុល្លារប៉ុន្តែផ្ដល់ជូនកម្រិតផាកសខុភាពមិនធម្មតា។
ជាមួយគ្នានេះនៅរថយន្ដនេះបំពាក់ដោយប្រព័ន្ធកាប៊ីនឆ្លាតវៃ Huawei HarmonyOS 5.0 ហើយក៏គាំទ្រដល់មុខងារ Apple CarPlay ផងដែរ។ សម្រាប់ប្រព័ន្ធបញ្ជាដោយសំឡេងឆ្លាតវៃ ដំណើរការដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត MoLA របស់ Huawei អាចគាំទ្រការសម្គាល់សំឡេងបានដល់ទៅ ៤ តំបន់នៅផ្នែកខាងក្នុងនៃរថយន្ដ អាចការសន្ទនាបន្តបន្ទាប់គ្នា និងការអនុវត្តការបញ្ជាបានច្រើនក្នុងពេលតែមួយ ប៉ុន្តែយ៉ាងណាមិញវាតែរក្សានូវប៊ូតុងចុចបញ្ជាផ្ទាល់សម្រាប់មុខងារចាំបាច់មួយចំនួនផងដែរ។
អ្វីដែលមិនអាចខ្វះបានរថយន្ត bZ7 បានបំពាក់នូវប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ Momenta R6 មុខងារត្រូបានគាំទ្រដោយLiDAR ចំនួន ១, រ៉ាដារលកសញ្ញាមីលីម៉ែត្រចំនួន ៥, កាមេរ៉ាកម្រិត HD ចំនួន ១១ និងរ៉ាដា ultrasonic ចំនួន ១០។ប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់គាំទ្រមុខងារបើកបរស្វ័យប្រវត្តិតាមការកំណត់ផ្លូវលើផ្លូវហាយវ៉េ, មុខងារចូលចតគ្រប់ស្ថានភាព។ ដើម្បីបង្កើនសមត្ថភាពបើកបរឲ្យកាន់តែអស្ចារ្យ រថយន្ត bZ7 បានប្រើប្រាស់ប្រព័ន្ធបញ្ជូលកម្លាំងអគ្គិសនី Drive ONE របស់ Huawei ផ្តល់នូវកម្លាំងខ្លាំងបំផុតរហូតដល់ ២០៧ គីឡូវ៉ាត់ (២៧៨ សេះ)។
ចំពោះអាគុយបំពាក់នៅក្នុងរថយន្ដ bZ7 ជាអាគុយប្រភេទ Lithium Iron Phosphate (LFP) ទំហំ ៧១.៣៥ kWh និង ៨៨.១៣ kWh សាកមួយពេញអាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រ, ៧០០ គីឡូម៉ែត្រ, ៧១០ គីឡូម៉ែត្រ គិតតាមស្តង់ដារ CLTC។ លើសពីនេះរថយន្ដនេះក៏គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន 3C សាកត្រឹមតែ ១០នាទី អាចបើកបរចម្ងាយផ្លូវបាន ៣០០គីឡូម៉ែត្រ ហើយក៏មានមុខងារទាញយកថាមពលថាមពលអគ្គិសនីយកទៅប្រើប្រាស់ខាងក្រៅកម្លាំង ៦.៦ គីឡូវ៉ាត់ ផងដែរ។
ក្រឡេកទៅមើលប្រព័ន្ធជើងក្រោមវិញ Toyota bZ7 ត្រូវបានបំពាក់ដោយកញ្ចប់បច្ចេកវិទ្យាប្រព័ន្ធបូមខ្យល់ Dual-chamber air suspension រួមបញ្ចូលជាមួយបូម SDC + និងប្រព័ន្ធស្កេនផ្លូវទុកមុន។ ប្រព័ន្ធស្កេនផ្ទៃថ្នល់វៃឆ្លាតនេះ នឹងធ្វើការស្កេនស្ថានភាពផ្លូវនៅខាងមុខយ៉ាងសកម្ម ដើម្បីរៀបចំសារ៉េបូមឲ្យស្របទៅតាមស្ថានភាពផ្លូវជាមុន៕



















