[រាជធានីភ្នំពេញ, ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦] – ឡិច ស៊ឺស ខេមបូឌា (Lexus Cambodia) បានសម្រេចសមិទ្ធផលថ្មីមួយទៀត តាមរយៈការដាក់ឱ្យដំណើរការជាផ្លូវការនូវ “សាលបដិសណ្ឋារកិច្ចលំដាប់ខ្ពស់ Lexus Gallery Lounge“ ដែលស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបម្រើជូនអតិថិជនដែលជាឧត្តមបុគ្គលគ្រប់រូប។ ការបង្កើតឡើងនូវសាលបដិសណ្ឋារកិច្ចនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់ ឡិច ស៊ឺស ក្នុងការផ្តល់ជូននូវបទពិសោធដ៏អស្ចារ្យ ស្របតាមស្មារតី អូម៉ូតេណាស៊ី (Omotenashi) ដែលជាសិល្បៈនៃបដិសណ្ឋារកិច្ចបែបជប៉ុន ក្នុងការបំពេញតម្រូវការ និងការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះអតិថិជនរបស់យើង។
ក្នុងកម្មវិធីដ៏អធិកអធមនេះ ក៏បានទទួលកិត្តិយសយ៉ាងខ្ពង់ខ្ពស់ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយសដ៏ឧត្តុង្គឧត្តមជាច្រើនរូប ដោយអស់លោកបានធ្វើដំណើរទស្សនកិច្ចសាលបដិសណ្ឋារកិច្ចលំដាប់ខ្ពស់របស់ ឡិច ស៊ឺស ពោរពេញដោយក្ដីសោមនស្ស។ សាលបដិសណ្ឋារកិច្ចលំដាប់ខ្ពស់នេះ មិនត្រឹមតែជាកន្លែងសម្រាប់ទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិប៉ុណ្ណោះទេ គោលបំណងចម្បងនោះគឺដើម្បីពន្លេចឱ្យឃើញពីរចនាបថបែបទំនើបដែលឆ្លុះបញ្ចាំងពីឧត្តមភាព ដែលមានការបំផុសគំនិតពីផ្ការំដួល ដែលជាផ្កាតំណាងជាតិខ្មែរ និងជាពិសេសគឺដើម្បីជួយផ្សព្វផ្សាយអត្តសញ្ញាណដ៏ល្អផូរផង់របស់ខ្មែរឱ្យកាន់តែមានវិសាលភាពឥតដែនកំណត់។

លោក Kensuke Tsuchiya អគ្គនាយក ឡិច ស៊ឺស ខេមបូឌា បានមានប្រសាសន៍ថា៖ «ឡិច ស៊ឺស ជឿជាក់ថា ភាពប្រណីតពិតប្រាកដ គឺស្ថិតនៅលើនវានុវត្តន៍ដែលផ្តោតលើការគិតគូរយ៉ាងល្អិតល្អន់»។ លោកបានបន្ថែមថា ការបង្កើតសាលបដិសណ្ឋារកិច្ចលំដាប់ខ្ពស់នៅអាកាសយានដ្ឋានអន្តរជាតិតេជោនេះ គឺជាការបង្ហាញពីចក្ខុវិស័យរបស់ ឡិច ស៊ឺស ក្នុងការលើកកម្ពស់កម្រិតជីវភាពបែបស៊ីវីល័យ និងការផ្តល់នូវផាសុកភាពខ្ពស់បំផុតសម្រាប់អតិថិជន។
លើសពីនេះទៅទៀត លោកឧកញ៉ា Charles Vann អគ្គនាយកនៃក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) បានមានប្រសាសន៍ថា៖ «ការដាក់ឱ្យដំណើរការនូវ Lexus Gallery Lounge គឺជាជំហានដ៏សំខាន់មួយក្នុងការបង្កើនបទពិសោធរបស់អ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ តាមរយៈកិច្ចសហការជាមួយ Lexus យើងមានគោលបំណងលើកកម្ពស់បរិយាកាសព្រលានយន្តហោះ ដោយផ្តល់ជូននូវសាលដ៏ល្អឯក និងប្រណីត ដែលឆ្លុះបញ្ចាំងពីផាសុកភាព នវានុវត្តន៍ និងបដិសណ្ឋារកិច្ចលំដាប់ខ្ពស់»។

លោកបានបន្ថែមថា៖ «គំនិតផ្តួចផ្តើមនេះ គាំទ្រដល់ចក្ខុវិស័យរបស់យើងក្នុងការធ្វើឱ្យអាកាសយានដ្ឋានអន្តរជាតិតេជោ ក្លាយជាច្រកទ្វារអន្តរជាតិដ៏ទំនើប និងលំដាប់ពិភពលោក ដែលឆ្លើយតបទៅនឹងការរំពឹងទុករបស់អ្នកដំណើរមកពីជុំវិញពិភពលោក និងភ្ញៀវកិត្តិយសដ៏ឧត្តុង្គឧត្តម»។

ក្រៅពីបរិយាកាសដ៏ប្រណីត ភ្ញៀវកិត្តិយសក៏បានទទួលនូវបទពិសោធដ៏ប្លែកភ្នែកជាមួយការដាក់បង្ហាញនូវរថយន្តLexus ម៉ូដែល LM និង LX ដែលជានិមិត្តរូបនៃភាពថ្លៃថ្នូរ ប្រណីតភាព ភាពអស្ចារ្យ និងឧត្តមភាព។ ជាពិសេស ភ្ញៀវកិត្តិយសទាំងអស់ក៏បានរីករាយជាមួយការទទួលស្វាគមន៍យ៉ាងកក់ក្តៅ អមដោយការរៀបចំភេសជ្ជៈ និងអាហារសម្រន់ដែលសម្រិតសម្រាំងយ៉ាងពិសេស។

ការបើកសម្ពោធសាលបដិសណ្ឋារកិច្ចលំដាប់ខ្ពស់របស់ ឡិច ស៊ឺស នៅអាកាសយានដ្ឋានអន្តរជាតិតេជោនាពេលនេះ គឺជាជំហានដ៏សំខាន់មួយទៀតរបស់ ឡិច ស៊ឺស ខេមបូឌា ក្នុងការបន្តដំណើរឆ្ពោះទៅមុខជាមួយឧត្តមភាព និងការផ្តល់ជូននូវតម្លៃពិតប្រាកដនៃភាពប្រណីតជូនដល់អតិថិជនរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

















