
នេះគឺជារឿងពិតដ៏គួរឱ្យអស្ចារ្យបំផុតរបស់លោក Graeme Hebley ដែលជាអ្នកដឹកកាសែតម្នាក់នៅក្នុងប្រទេសនូវែលសេឡង់ ដោយលោកគឺបានប្រើប្រាស់នូវរថយន្ត Toyota Corolla ស៊េរីឆ្នាំ ១៩៩៣ របស់លោក បានរយៈចម្ងាយរហូតដល់ទៅ ២ លានគីឡូម៉ែត្រឯណ្ណោះ ប៉ុន្តែមិនដែលរុះរើ ឬជួសជុលម៉ាស៊ីននោះឡើយ។

បើនិយាយពីសាច់រឿងនេះ លោក Hebley ផ្ទាល់ គឺបានទិញនូវឡានប្រភេទ Wagon នេះ តាំងពីឆ្នាំ ២០០០ មកម្លេះ ដែលកាលនោះ វាគឺទើបតែរត់បានរយៈចម្ងាយត្រឹមតែ ៨០,០០០ គីឡូម៉ែត្រប៉ុណ្ណោះ។ ហើយដោយសារតែរបរចិញ្ចឹមជីវិត គាត់គឺត្រូវបើកបររថយន្តនេះជាប្រចាំពីទីក្រុង Wellington ទៅកាន់ទីក្រុង New Plymouth ក្នុងចំនួនដល់ទៅ ៦ ថ្ងៃ ក្នុងមួយសប្តាហ៍ឯណ្ណោះ។ ដោយជារៀងរាល់សប្តាហ៍ ឡាននេះ គឺត្រូវធ្វើដំណើរជាមធ្យម ៥,០០០ គីឡូម៉ែត្រ នៅក្នុងរយៈពេលមួយសប្តាហ៍។
ក្នុងនោះ អ្វីដែលធ្វើឱ្យឡាន Toyota នេះ ផ្ទុះការចាប់អារម្មណ៍ខ្លាំងនោះ គឺវាបានបើកបរបានរយៈចម្ងាយដល់ទៅ ២ លានគីឡូម៉ែត្រឯណ្ណោះ ប៉ុន្តែមិនដែលរុះរើ ឬជួសជុលម៉ាស៊ីន និងប្រអប់លេខនោះឡើយ ពោលគឺគឺប្រើម៉ាស៊ីន ប្រអប់លេខ តួរថយន្ត និងប្រព័ន្ធបើកបរដើមទាំងស្រុងតែម្តង។

បើយោងតាមការចែករំលែករបស់លោកផ្ទាល់ សម្រាប់គន្លឹះនៅក្នុងការថែទាំរថយន្តរបស់លោក គឺលោកតែងតែយករថយន្តនេះទៅឆែក និងដូរប្រេងម៉ាស៊ីនជារៀងរាល់ ២ សប្តាហ៍ជាប្រចាំតែម្តង ពោលគឺធ្វើរឿងដដែលៗនេះអស់រយៈពេលជាង ២២ ឆ្នាំមកហើយ ដែលជាហេតុទើបធ្វើឲរថយន្តនេះមិនងាយខូច៕



















