បន្ទាប់ពីទឹញរថយន្តមួយទឹក ឬរថយន្តជជុះ មិនថាជារថយន្តមកពីស្រុកគេ ឬជារថយន្តក្នុងស្រុកនោះទេ គេតែងណែនាំឲ្យផ្លាស់ប្តូរប្រេងម៉ាស៊ីនចោលតែម្តង ដើម្បីធានាថា ម៉ាស៊ីនរថយន្តនឹងដំណើរការរលូន និងអាចកំណត់ពីប្រភេទប្រេងម៉ាស៊ីនដែលមានប្រភព និងស្តង់ដារត្រឹមត្រូវ។

មូលហេតុធំៗ ដែលត្រូវផ្លាស់ប្តូរប្រេងម៉ាស៊ីនថ្មីនោះរួមមានដូចខាងក្រោមៈ
១. មិនដឹងពីព័ត៌មានប្រេងម៉ាស៊ីន៖ ទោះជារថយន្តនោះត្រូវបានគេប្រាប់ថា ទើបតែបានផ្លាស់ប្តូរប្រេងម៉ាស៊ីនថ្មីក៏ដោយ ប៉ុន្តែម្ចាស់ថ្មីក្រោយ មិនអាចជឿជាក់លើគុណភាពប្រេង មិនស្គាល់ម៉ាក និងប្រភពប្រេង ក៏ដូចជាតម្រងដែរ ថាតើប្រើបានប៉ុន្មានគីឡូ ឬរយៈពេលប៉ុន្មានហើយ។
២. ប្រេងម៉ាស៊ីនដែលសល់តាំងពីយូរមកហើយ៖ ប្រសិនបើទិញរថយន្តមួយទឹកពីស្រុកគេ ដូចជាមកពីអាមេរិក ជាដើម គឺពិតជាមិនអាចដឹងទេថា ប្រេងម៉ាស៊ីនក្នុងរថយន្តនោះ ត្រូវបានផ្លាស់ប្តូរតាំងពីពេលណានោះទេ។ ហើយម្យ៉ាងទៀត រថយន្តមិនត្រូវបានបញ្ឆេះក្នុងរយៈពេលយូរថ្ងៃ ក្នុងអំឡុងពេលដឹកជញ្ជូនមក ដែលធ្វើឲ្យគុណភាពប្រេងកាន់តែធ្លាក់ចុះ និងមានកំណក កម្ទេចកម្ទីជាដើម។
៣. ងាយស្រួលកំណត់រយៈពេល និងចំនួនគីឡូ ដែលត្រូវផ្លាស់ប្តូរប្រេងម៉ាស៊ីនថ្មី៖ ម្ចាស់ថ្មីក្រោយ មិនចាំបាច់ត្រូវគិតខ្វល់ខ្វាយច្រើនថា ប្រេងម៉ាស៊ីន ដែលស្ថិតក្នុងរថយន្តនោះ ប្រើបានប៉ុណ្ណា ប្រើលេខកំហាប់អ្វី ឬប្រភេទមួយណានោះទេ ដូច្នេះគ្រាន់តែបង្ហូរប្រេងចាស់ចោល ដាក់ប្រេងម៉ាស៊ីនថ្មី និងតម្រងថ្មីចូល ហើយប្រើរហូតដល់ពេល ឬចំនួនគីឡូដែលបានកំណត់នោះតែម្តង។

គួរដឹងថា ការជ្រើសរើសប្រេងម៉ាស៊ីនឲ្យបានត្រឹមត្រូវ គឺជារឿងចាំបាច់បំផុតក្នុការថែទាំម៉ាស៊ីនរថយន្ត បង្កើនអាយុកាលប្រើប្រាស់ ជាពិសេសគឺគួរជ្រើសរើសប្រេងម៉ាស៊ីនស្តង់ដារមានគុណភាពខ្ពស់ប្រើប្រាស់បានយូរ បំពាក់បច្ចេកវិទ្យាដែលជួយការពារម៉ាស៊ីនមិនឲ្យឡើងកម្តៅខ្លាំង និងមានភាពរំអិលខ្ពស់ក្នុងការការពារគ្រឿងបង្គុំម៉ាស៊ីន មិនឲ្យឆាប់សឹករិចរិល ពោលគឺកាត់បន្ថយការកកិត សន្សំសំចៃប្រេឥន្ធនៈ និងមានសារធាតុលាងសម្អាតម៉ាស៊ីនថែមទៀតផង៕

















