សង្វាក់ផលិតកម្មនៃរថយន្ត BMW i8 ត្រូវបានបញ្ចប់ក្រោយរថយន្តនេះត្រូវបានផលិតអស់រយៈពេល ៦ឆ្នាំរួចមក ដែលក្នុងរយៈពេលកន្លងមកនេះគេផលិតរថយន្តនេះបាន ២០ ៥០០ គ្រឿង។
រថយន្ត BMW i8 មួយគ្រឿងចុងក្រោយ ត្រូវបានផលិតរួចរាល់និងបានដឹកជញ្ជូនដល់អតិថិជននៅអាល្លឺម៉ង់ ដែលវាជា BMW i8 Roadster មានពណ៌ខៀវ ផលិតរួចរាល់នៅរោងចក្រនាទីក្រុង Leipzig កាលពីសប្ដាហ៍មុន។ វាគឺជារថយន្តមួយក្នុងចំណោមរថយន្ត ១៨ គ្រឿង ដែលត្រូវបានផលិតឡើងជាពិសេស មានការកុម្ម៉ង់ពណ៌ពីសំណាក់អតិថិជនផ្ទាល់។
ត្បិតថាការផលិតរថយន្ត BMW i8 ត្រូវបានបញ្ចប់មែន ប៉ុន្តែ BMW មិនទុកចន្លោះរថយន្តស្ព័រអគ្គិសនី ឲ្យនៅទំនេរឡើយ។ គេរំពឹងថា BMW អាចនឹងបង្ហាញចេញរថយន្តមកជំនួស BMW i8 នេះ នៅអំឡុងឆ្នាំ ២០២៣ ខាងមុខ ដែលមានតម្លៃប្រមាណ ១៦ម៉ឺនដុល្លារ៕