Toyota ថា ផលិតកម្មរថយន្តសកលរបស់ខ្លួនធ្លាក់ចុះជាបន្តបន្ទាប់ ៦ខែក្នុងឆ្នាំ២០២៤ នេះ

ក្រុមហ៊ុនផលិតរថយន្ត Toyota Motor បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា ផលិតកម្មរថយន្តសកលរបស់ខ្លួនបានធ្លាក់ចុះជាបន្តបន្ទាប់ ៦ខែ នៅក្នុងឆ្នាំ២០២៤។ ការធ្លាក់ចុះនេះ បានកើតឡើងដោយសារការលក់ធ្លាក់ចុះនៅក្នុងទីផ្សារធំៗមួយចំនួនដូចជា ប្រទេសចិន សហរដ្ឋអាមេរិក និងប្រទេសថៃ។

សម្រាប់ខែកក្កដា ផលិតកម្មបានធ្លាក់ចុះ ១ភាគរយ បើប្រៀបធៀបទៅនឹងខែដូចគ្នានៅឆ្នាំមុន ដែលមានចំនួនស្មើនឹង ៨០៤ ៦១០ គ្រឿង។ ទោះបីជាការធ្លាក់ចុះនេះតិចជាងខែមុនក៏ដោយ ក៏ការផលិតនៅក្នុងប្រទេសចិនបានធ្លាក់ចុះ ៦ភាគរយ និងនៅប្រទេសថៃបានធ្លាក់ចុះ ១៣ភាគរយ បើប្រៀបធៀបទៅនឹងខែកក្កដាឆ្នាំមុន។ ចំណែកការលក់នៅទូទាំងពិភពលោកបានធ្លាក់ចុះតិចជាង ១ភាគរយ ដែលទាក់ទងនឹងការធ្លាក់ចុះនៅក្នុងទីផ្សារធំៗដូចជា សហរដ្ឋអាមេរិក និងប្រទេសចិន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការលក់នៅសហរដ្ឋអាមេរិក បានធ្លាក់ចុះ ៥ភាគរយ ដោយសារចំនួនថ្ងៃលក់មានតិចជាងឆ្នាំមុន និងការផ្អាកការផលិត និងចែកចាយរថយន្តស្ព័រ Grand Highlander និង Lexus TX ដោយសារមានបញ្ហាពោងសុវត្ថិភាព។ ចំណែកឯប្រទេសចិន ការលក់រថយន្តបានធ្លាក់ចុះដោយសារសម្ពាធលើម៉ាករថយន្តបរទេស ដែលកំពុងឆ្ពោះទៅរកការផ្លាស់ប្តូរថ្មីទៅជារថយន្តអគ្គិសនី និង Plug-in Hybrid ដែលផលិតដោយក្រុមហ៊ុនរថយន្តចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម