
នៅក្នុងព្រឹត្តិការណ៍ HarmonyOS Smart Mobility Autumn New Product Launch Event របស់ម៉ាកយីហោ Aito ដែលជារថយន្ដកើតចេញពីកិច្ចសហការរវាងក្រុមហ៊ុន Huawei និង Seres បានប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ត Aito M8 អគ្គិសនីរបស់ខ្លួន។
រថយន្តប្រភេទ SUV អគ្គិសនីសុទ្ធនេះ ដាក់លក់ជាមួយតម្លៃចាប់ពី ៥០ ០០០ ដល់ ៦២ ៥០០ ដុល្លារ។ រថយន្តនេះបានបំពាក់អាគុយស្តង់ដារទំហំ ១០០គីឡូវ៉ាត់ម៉ោង ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL ផ្តល់នូវចម្ងាយបើកបរអតិបរមាបាន ៧០៥ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។
រថយន្ត Aito M8 EV រក្សាបាននូវការរចនាបែបគ្រួសាររបស់ម៉ាកយីហោនេះ ដោយមានបំពាក់ប្រព័ន្ធភ្លើង Nebula និងភ្លើងខាងក្រោយរាងស្តើងដែលអូសកាត់ទទឹងផ្នែកខាងក្រោយ។ រថយន្តនេះមានមេគុណកកិតជាមួយខ្យល់ (aerodynamic drag coefficient) ត្រឹមតែ ០,២៥៥។ ចំពោះទំហំរូបរាងផ្នែកខាងក្រៅវាប្រវែងតួខ្លួនសរុប ៥១៩០ ម.ម ទទឹង ១៩៩៩ ម.ម កម្ពស់ ១៧៩៥ ម.ម និងប្រវែងគម្លាតកង់មុខក្រោយ ៣១០៥ ម.ម។ Aito M8 មានគម្លាតពីដី ២២០ ម.ម និងជម្រៅក្នុងការបើកបរឆ្លងកាត់ទឹកមានជម្រៅ ៧០០ ម.ម។
នៅផ្នែកខាងក្នុង Aito M8 មានបំពាក់អេក្រង់ចំនួនបី, មានទូទឹកកកនិងកន្លែងដាក់ឥវ៉ាន់សរុបចំនួន ២៦កន្លែង។ បន្ថែមពីរថយន្ដនេះបានបំពាក់មកជាមួួប្រព័ន្ធបើកបរឆ្លាតវៃរបស់ក្រុមហ៊ុន Huawei ដែលរួមមាន៖
- ឧបករណ៍ចាប់សញ្ញា LiDAR ប្រភេទ 192-line ចំនួនមួយ
- ឧបករណ៍ចាប់សញ្ញា LiDAR ប្រភេទ solid-state ដែលមានភាពជាក់លាក់ខ្ពស់នៅផ្នែកខាងក្រោយ ចំនួនមួយ
- រ៉ាដា 4D millimetre-wave ចំនួនប្រាំ
យោងតាមក្រុមហ៊ុន Huawei កាប៊ីនរថយន្ត Aito M8 EV មានកម្រិតសំឡេងរំខានចូលមកកាន់ផ្នែកខាងក្នុងត្រឹមតែ ៦០,៨ dBA នៅពេលបើកបរក្នុងល្បឿន ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្ត Aito M8 ម៉ូឌែលមូលដ្ឋាន ដំណើរដោយការដោយម៉ូទ័រអគ្គិសនីតែមួយនៅផ្នែកខាងក្រោយ អាចផលិតកម្លាំងបាន ៣០៤សេះ។ ចំណែកឯម៉ូឌែល 4WD អាចផលិតកម្លាំងបានដល់ ៥១៩សេះ៕