Alfa Romeo បញ្ចេញវីដេអូ Teaser របស់ Tonale SUV ២០២៣ មុន​ពេល​បង្ហាញ​ខ្លួនជាផ្លូវការ ​នៅ​សប្តាហ៍​ក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុន Alfa Romeo បានធ្វើការបញ្ចេញនូវវីដេអូ teaser ថ្មីនៃរថយន្ត Tonale ប្រភេទ SUV ដែលនឹងធ្វើការបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ៨ ខែកុម្ភៈ​ ខាងមុខនេះ។

នៅក្នុងវីដេអូមួយក្នុងចំណោមវីដេអូដែលបានចែករំលែកដោយគណនី Twitter របស់ Alfa Romeo បង្ហាញយ៉ាងខ្លីអំពីកុងទ័របង្ហាញនៃរថយន្ត និងផ្នែកខាងមុខនៃរថយន្ត SUV ជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃ ប្រភេទ LED និងប៉ាណាខាងមុខភ្ជាប់ជាមួយឡូហ្គូ Alfa Romeo ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ ក៏មានការនិយាយតៗគ្នាផងដែរថា Tonale នឹងត្រូវបានផ្តល់ជូនទាំងម៉ាស៊ីនចំហេះក្នុង និង plug-in hybrid ។ ជាមួយគ្នានេះ រថយន្តនេះអាចប្រើប្រាស់ថាមពលដូចទៅនឹងរថយន្ត Jeep Compass 4xe បញ្ជូនថាមពលទៅកាន់កង់ទាំងបួនដោយប្រអប់លេខអូតូ និងផ្គួបជាមួយម៉ូទ័រអគ្គិសនីដែលបំពាក់នៅខាងក្រោយ។

ក្នុងនោះដែរ នេះមិនមែនជាប្រភេទ SUV ថ្មីតែមួយគត់ដែល Alfa Romeo កំពុងផលិតនោះទេ។ កាលពីដើមខែវិច្ឆិកា ត្រូវបានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តអ៊ីតាលីនឹងបញ្ចេញរថយន្តប្រភេទ SUV ខ្នាតតូចជាង Tonale ដើម្បីប្រកួតប្រជែងជាមួយនឹងរថយន្តប្រភេទ Mini ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម