
បន្ទាប់ពីមានការបង្ហាញចេញមួយចំនួនកាលពីដើមខែមិថុនា ពេលនេះ ក្រុមហ៊ុន IM Motors ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង SAIC និង Alibaba បានប្រកាសបង្ហាញចេញជាផ្លូវការនូវរថយន្ត IM LS9 របស់ខ្លួនហើយ ដោយក្នុងនោះ គឺមានតម្លៃលក់ចាប់ពី ៤៦ ៦០០ដុល្លារ ដល់ ៥០ ៨០០ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត IM LS9 នេះ មានប្រវែង ៥ ២៧៩ ម.ម ទទឹង ២ ០០០ ម.ម កម្ពស់ ១ ៨០៦ ម.ម និងប្រវែងគម្លាតកង់ ៣ ១៦០ ម.ម ។ វាដំណើរការដោយម៉ាសុីនសាំងចំណុះ ១,៥លីត្រ Turbo ផលិតកម្លាំងបាន ១៥៣សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងបាន ២១៥ និង ៣០៨ សេះ មានល្បឿនអតិបរមា ២២០គីឡូម៉ែត្រក្នុងមួយម៉ោង ផ្គួបជាមួយអាគុយ Freevoy របស់ CATL ទំហំ ៦៦គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០២គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ៥០៨គីឡូម៉ែត្រ។

ចំពោះការរចនារបស់រថយន្តសេរ៊ីថ្មីនេះវិញ គឺមានការរចនាស្រដៀងនឹងរថយន្តផ្សេងៗដែរ ប៉ុន្តែអ្វីដែលពិសេសនោះគឺរថយន្ត IM LS9 នេះ គឺទទួលបាននូវប្រព័ន្ធបច្ចេកវិទ្យា 520-line LiDAR sensor និងប្រព័ន្ធបន្ទះឈីប Nvidia Thor autonomous driving chip ។ លើសពីនេះ ក៏ទទួលបាននូវជម្រើសថាសកង់ទំហំ ២០ ដល់ ២២អ៊ីញ ក៏ដូចជាអេក្រង់ 5K MiniLED ទំហំ ២៧,១អ៊ីញ និងអេក្រង់កម្សាន្ត 3K MiniLED ទំហំ ១៥,៦អ៊ីញ ព្រមទាំងកន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធសំឡេង B&O ផងដែរ៕

















