[ទីផ្សារចិន] នៅថ្ងៃទី២៩ ខែតុលា មានការរាយការណ៍មួយបាននិយាយថា រថយន្ត Mercedes-Benz CLA ជំនាន់ទី៣ នឹងប្រើប្រាស់នូវម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ដែលផលិតដោយក្រុមហ៊ុន Geely។
ចំពោះម៉ាសុីនចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង គេស្គាល់ជាផ្លូវការថាជា Horse Powertrain Limited ដែលបង្កើតឡើងនៅក្នុងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ គ្រប់គ្រង ៥០:៥០ ដោយក្រុមហ៊ុន Geely និង Renault ដែលអាចផលិតកម្លាំងបានចំនួន ២៥០សេះ និងកម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ។ ក្នុងនោះផងដែរ ម៉ាស៊ីននេះនឹងត្រូវធ្វើការជាមួយប្រព័ន្ធ 48V mild-hybrid។
គួរកត់សំគាល់ថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Geely លោក Li Shufu មានភាគហ៊ុនប្រហែល ១០ភាគរយ របស់ក្រុមហ៊ុន Mercedes-Benz ហើយថែមទាំងមានការបណ្តាក់ទុនរួមគ្នាដើម្បីផលិតរថយន្តម៉ាក Smart EVs ផងដែរ។
គួរឲដឹងថា រថយន្ត CLA ថ្មីនេះ នឹងត្រូវបានសាងសង់ឡើងលើស្ថាបត្យកម្ម MMA និងទទួលបានជម្រើសម៉ាសុីន mild-hybrid និងអគ្គិសនីសុទ្ធ all-electric powertrains (មិនមានជម្រើស Plug-in Hybrid ទេ)។
ទន្ទឹមនឹងនេះផងដែរ ជម្រើសអគ្គិសនីសុទ្ធរបស់ CLA ត្រូវបានគេរំពឹងថានឹងបំពាក់ជាមួយម៉ូទ័រអេឡិចត្រិចចំនួន១ ប៉ុង១ RWD ដែលអាចផលិតកម្លាំងបានចំនួន ២៣៤ សេះ ផ្គួបជាមួយអាគុយទំហំ ៨៩,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយរហូតដល់ ៧៥០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនដែលអាចបើកបរបានចម្ងាយ ៤០០គីឡូម៉ែត្រ ដោយសាកត្រឹមតែ ១៥នាទី ប៉ុណ្ណោះ៕
គួរបញ្ជាក់ផងថា រថយន្តនេះនឹងត្រូវបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ ខណៈជម្រើសម៉ាសុីន mild-hybrid ប្រហែលជាអាចបង្ហាញវត្តមាននៅក្នុងឆ្នាំ២០២៦៕