[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បង្ហាញជាផ្លូវការនៅរថយន្ត All-new MG3 ស៊េរីឆ្នាំ ២០២៤ រូបរាងថ្មីទាំងស្រុង ប្រភេទកូនកាត់ Hybrid ជាលើកដំបូងនៅក្នុងទីផ្សារតំបន់អឺរ៉ុប ខណៈតម្លៃត្រូវបានគេរំពឹងថាក្រោម ២មុឺនដុល្លារ ។
All-new MG3 ស៊េរីឆ្នាំ ២០២៤ បំពាក់ជាមួយម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ១៩៤ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៣វគ្គ នឹងមានកម្រិតស៊ីប្រេង ៤,៤ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។
MG3 ស៊េរីថ្មីត្រូវបានរចនាឡើងដោយក្រុមហ៊ុនអ្នកឌីស្សាញឌីហ្សាញរបស់ MG នៅទីក្រុងសៀងហៃ ប្រទេសចិន ដោយមានប្រវែងតួខ្លួនសរុប ៤ ១១៣ ម.ម ទទឹង ១ ៧៩៧ ម.ម កំពស់ ១ ៥០២ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥៧០ ម.ម ក្នុងនោះក្រុមហ៊ុន MG អះអាងថា រថយន្តនេះ មានទំហំធំជាងរថយន្តដ៏ទៃដែលស្ថិតក្នុងផ្នែកដូចគ្នាផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ព្រមទាំងទទួលបានប្រព័ន្ធ iSMART connection system ទៀតផង ។ លើសពីនេះ ក៏មានឧបករណ៍បំពងសំឡេង ៦ចំនុច ព្រមទាំងប្រព័ន្ធកាម៉េរា ៣៦០ដឺក្រេផងដែរ ៕