រថយន្ត Alpina B7 ជំនាន់ទី ៣ បានបង្ហាញខ្លួនជាផ្លូវការនៅអាមេរិកខាងជើង។ Alpina B7 ស៊េរីឆ្នាំ ២០២០ ខាងលើនេះ គឺមានល្បឿនលឿនខ្លាំងណាស់ ហើយថែមទាំងទំនើបផុតលេខទៀតផង។
Aplina គឺជាក្រុមហ៊ុនផលិតរថយន្ដដែលមានឯកទេសក្នុងកំណែពិសេសនៃរថយន្ត BMW និងត្រូវបានគេចាត់ទុកថាជាអ្នកផលិតរថយន្តដោយខ្លួនឯងផ្ទាល់ ដោយនាំយករថយន្ត BMW ចេញពីរោងចក្រផ្ទាល់ រួចយកទៅកែកុន និងតុបតែងនៅរោងចក្ររបស់ខ្លួនផ្ទាល់តែម្តង។
Alpina B7 គឺផ្អែកលើរថយន្ត BMW 7 Series ស៊េរីឆ្នាំ ២០២០ ដែលទើបតែចេញ ប៉ុន្តែបានបំពាក់ម៉ាស៊ីនពិសេសពីក្រុមហ៊ុន Alpina ផ្ទាល់ គឺម៉ាស៊ីនសាំងចំណុះ ៤,៤ លីត្រ Twin-turbo ទំហំ ៨ ស៊ីឡាំង ដែលបង្កើតកម្លាំងបានរហូតដល់ទៅ ៦០០ សេះ ហើយអាចរត់ដល់ល្បឿនអតិបរមា ៣៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្តប្រភេទ Sedan ស្ព័រដ៏ប្រណីតនេះប្រើប្រព័ន្ធបើកបរប៉ុងពីរ AWD និង ប្រអប់លេខអូតូ ៨ វគ្គ។
ក្រៅពីកម្លាំងខ្លាំង Alpina B7 ក៏ទទួលបានបច្ចេកវិទ្យាជំនួយការបើកបរ និងបច្ចេកវិទ្យាសុវត្ថិភាពដ៏ទំនើបផងដែរ។ វាមានតែជម្រើស ២ ពណ៌ប៉ុណ្ណោះ គឺ ពណ៌បៃតងចាស់ និងពណ៌ខៀវ។ វាមានតម្លៃចាប់ពី ១៤១ ៧០០ ដុល្លារឡើងទៅលើទីផ្សារបរទេស៕