
ក្រុមហ៊ុន Zoox ដែលជាក្រុមហ៊ុនតាក់សុីគ្មានមនុស្សបើក (Robotaxi) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Amazon បានប្រកាសដកយកនូវ Software កម្មវិធីរថយន្ត Robotaxi របស់ខ្លួន (software recall) ចំនួន ៣៣២គ្រឿង មកកែសម្រួលឡើងវិញ ក្រោយរកឃើញឥរិយាបថបើកបរខ្លះៗដែលអាចបង្កគ្រោះថ្នាក់នៅពេលបើកបរ។
យោងតាមរបាយការណ៍របស់ NHTSA (រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិអាមេរិក) រថយន្ត Robotaxi របស់ក្រុមហ៊ុន Zoox មួយចំនួនអាចមានឥរិយាបថបំពានច្បាប់ចរាចរណ៍ជាច្រើនដូចជា ការបើកហួសគំនូសខណ្ឌចែកពណ៌លឿង ការឈប់ ឬបើកឆ្លងកាត់កន្លែងដែលអ្នកដំណើរថ្មើរជើងត្រូវឆ្លងកាត់ និងការឈប់នៅចំណុចប្រសព្វនៃផ្លូវជាដើម។
ក្នុងនោះ បញ្ហានេះ ត្រូវបានរកឃើញជាលើកដំបូងនៅចុងខែសីហា បន្ទាប់ពីរថយន្តមួយបានបើកបត់ស្តាំ ហើយចូលទៅក្នុងគន្លងផ្លូវបញ្រ្ជាស។

ក្រោយពេលពិនិត្យទិន្នន័យនេះ ក្រុមហ៊ុន Zoox ផ្ទាល់ គឺបានរកឃើញករណីស្រដៀងគ្នានេះចំនួនដល់ទៅ ៦២ករណីឯណ្ណោះ។ គួរបញ្ជាក់ថា ទោះបីជាមិនមានគ្រោះថ្នាក់ ឬការប៉ះទង្គិចណាមួយកើតឡើងក៏ដោយ ក៏ប៉ុន្តែក្រុមហ៊ុន Zoox ផ្ទាល់ គឺបានទទួលស្គាល់ថាវាជាបញ្ហាបច្ចេកទេសដែលមិនអាចមើលរំលងបាន៕























