[បរទេស] ក្រុមហ៊ុនបច្ចេកវិទ្យាយក្យ Apple និងក្រុមហ៊ុនផលិតរថយន្តយក្យរបស់ប្រទេសចិន BYD រូវបានគេរាយការណ៍ថា ធ្លាប់បានធ្វើការជាមួយគ្នាតាំងពីឆ្នាំ ២០១៧ ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មអាគុយថ្មីសម្រាប់រថយន្តអគ្គិសនីសុទ្ធ ។
ក្នុងនោះ បើយោងតាមគេហទំព័រ Bloomberg បានឲ្យដឹងថា Apple និង BYD បានសហការគ្នា បន្ទាប់ពីវិស្វករមកពីក្រុមហ៊ុនផលិតរថយន្តចិន បានបង្ហាញឲ្យនាយកប្រតិបត្តិ Apple ជំនាន់ដើមនៃថ្មប្រភេទ Blade battery ធ្វើឲ្យ Apple មានការចាប់អារម្មណ៍ និងជឿជាក់ថា វាអាចប្រើប្រាស់អាគុយទៅលើរថយន្តរបស់ខ្លួនទៀតផង ។
ទោះបីជាមានការសហការគ្នាជាច្រើនឆ្នាំក៏ដោយ ក៏ Apple បានដើរចេញពីភាពជាដៃគូរបស់ខ្លួនជាមួយ BYD ហើយបានចាប់ផ្តើមស្វែងរកជម្រើសផ្សេងទៀត។ នៅដើមឆ្នាំ ២០២១ មានព័ត៌មានបែកធ្លាយថា Apple បានចូលរួមក្នុងកិច្ចពិភាក្សាជាមួយ Hyundai អំពីការផលិតរថយន្តអគ្គិសនីសុទ្ធ EV បើកបរដោយខ្លួនឯង ដែលរំពឹងទុកជាយូរមកហើយ ប៉ុន្តែការពិភាក្សាទាំងនោះបានរលត់ទៅវិញយ៉ាងឆាប់រហ័ស។
គួរបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំ ២០២៤ នាយកប្រតិបត្តិកំពូលរបស់ Apple បានសម្រេចចិត្តបោះបង់ចោលគម្រោងរថយន្តអគ្គិសនីទាំងស្រុង ដែលជាការកត់សម្គាល់ចុងបញ្ចប់នៃកិច្ចខិតខំប្រឹងប្រែងអស់មួយទសវត្សរ៍ជាមួយការវិនិយោគនៅទឹកប្រាក់ជាង ១០ពាន់លានដុល្លារ ៕