ការចុះផ្សាយរបស់ Reuters ដែលបានដកស្រង់ប្រភពពីសារព័ត៌មានកូរ៉េខាងត្បូង Korea IT News បានឲ្យដឹងថា Apple និង Hyundai នឹងចុះកិច្ចព្រមព្រៀងជាមួយគ្នាលើការផលិតរថយន្តអគ្គិសនី Apple ដែលគ្រោងនឹងចុះកិច្ចព្រមព្រៀងត្រឹមខែមីនាឆ្នាំ ២០២១ នេះ។
Hyundai អាចនឹងផលិតរថយន្តអគ្គិសនីរបស់ Apple នៅរោងចក្រក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក ដែលកាន់កាប់ដោយក្រុមហ៊ុន Kia Motors ឬអាចនឹងបណ្ដាក់ទុនលើការផលិតរោងចក្រថ្មីនៅសហរដ្ឋអាមេរិកដែលអាចផលិតរថយន្តបាន ៤០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ការចុះផ្សាយរបស់ Korea IT News បានឲ្យដឹងដែរថាប្រភេទ Beta (សាកល្បង) នៃរថយន្តរបស់ Apple អាចនឹងចេញនៅក្នុងឆ្នាំ ២០២២។
Reuters បានចេញផ្សាយកាលពីខែមុនថាការផលិតរថយន្តអគ្គិសនីរបស់ Apple ប្រហែលជាចាប់ផ្ដើមអំឡុងឆ្នាំ ២០២៤ ហើយការចុះផ្សាយថ្មីនេះបាននិយាយម្ដងទៀតអំពីកាលបរិច្ឆេទផលិតនេះ។
គួរដឹងថាដំណឹងចចាមអារ៉ាមដែលថា Apple កំពុងពិភាក្សាជាមួយ Hyundai បានលេចចេញកាលពីសប្ដាហ៍មុន ដែលឲ្យជាដំណឹងថា Apple គ្រោងសហការជាមួយក្រុមហ៊ុនរថយន្ត ដើម្បីផលិតរថយន្តអគ្គិសនី និងអភិវឌ្ឍន៍អាគុយ ដោយសារការសាងសង់រោងចក្រ និងស្រាវជ្រាវរកបច្ចេកវិទ្យាថ្មីៗទាំងស្រុងត្រូវចំណាយថវិកាច្រើន៕