
ក្រុមហ៊ុន BAIC Arcfox បានចេញផ្សាយរូបភាពផ្លូវការនៃរថយន្តបែប hatchback ប្រភេទ A0-class ថ្មីរបស់ខ្លួនគឺម៉ូឌែល Arcfox T1 ។ រថយន្ដនេះផលិតមកដើម្បីដាក់លក់ ក្នុងទីផ្សាររថយន្តអគ្គិសនីសុទ្ធខ្នាតតូចដែលមានតម្លៃ ១០ ០០០ ដុល្លារ។ រថយន្តនេះទទួលបានការរចនាខាងក្រៅថ្មីស្រឡាងដោយផ្អែកលើគំនិត “Arc-Flow” របស់ម៉ាកយីហោនេះ ហើយនឹងបើកការលក់ទុកមុននៅចុងខែសីហានេះ។
បើប្រៀបធៀបទៅនឹងការបង្ហាញខ្លួនដំបូងនៅឯកម្មវិធី Shanghai Auto Show រថយន្ត Arcfox T1 ហើយជាមួយរូបភាពផ្លូវការដែលទើបនឹងចេញផ្សាយ រថយន្ដនេះ បានរចនាសង្កត់ធ្ងន់ទៅលើសោភ័ណភាពបែបស្ព័រដែលកាន់តែលេចធ្លោជាងមុន។ រូបរាងនៅផ្នែកខាងក្រៅ រថយន្ដនេះមានប្រវែងតួខ្លួនសរុប ៤ ៣៣៧មម ទទឹង ១ ៨៦០មម កម្ពស់ ១ ៥៧២មម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៧៧០ មម។
ផ្នែកចំហៀងនៃរថយន្ត T1 បានបំពាក់ជាមួយថាសកង់យ៉ាន់ស្ព័រអាលុយមីញ៉ូមទំហំ ១៨ អុីញ ប្រភេទ multi-spoke ដែលមិនសូវឃើញមានបំពាក់ក្នុងប្រភេទរថយន្តបែបនេះទេ ។ រូបភាពផ្លូវការក៏បានបង្ហាញពីការរចនាបែប two-tone និងបន្ថែមមកជាមួយ Spoiler នៅផ្នែកខាងក្រោយធ្វើឲ្យរថយន្ដនេះមើលកាន់តែទាក់ទាញមបែបរថយន្ដស្ព័រ។
រថយន្ត Arcfox T1 ត្រូវបានបំពាក់ដោយម៉ូទ័រអេឡិចត្រិចចំនួនមួយ អាចមានកម្លាំងអតិបរមា ៧០ គីឡូវ៉ាត់ ៩៤ សេះ។ រថយន្ដនេះបំពាក់ជាមួយអាគុយ Lithium-iron-phosphate (LFP) ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន CALB (China Aviation Lithium Battery Technology Group Co., Ltd.)។ យោងតាមសេចក្តីប្រកាសពីមុនដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) រថយន្តថ្មីនេះនឹងផ្តល់ជូនជម្រើសអាគុយពីរទំហំ៖ ៤១.៧ គីឡូវ៉ាត់ម៉ោង និង ៤២.៣ គីឡូវ៉ាត់ម៉ោង ដែលអាចផ្តល់ចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធបាន ៤១០ និង ៤២៥ គីឡូម៉ែត្រ រៀងគ្នា។
Arcfox T1 បានឈានចូលទីផ្សារប្រកួតប្រជែងដ៏ស្វិតស្វាញ ដោយត្រូវប្រឈមមុខជាមួយគូប្រជែងដែលដាក់លក់នៅលើផ្សាររួចហើយដូចជា Geely Xingyuan និង BYD Seagull ដោយរថយន្ដទាំងពីរនេះដាក់លក់ជាមួយតម្លៃចាប់ពី ៩ ៩០០ ដុល្លារ។ សម្រាប់គូប្រជែងទាំងនេះបានបង្ហាញពីការលក់ដ៏ខ្លាំងក្លាកាលពីខែមិថុនា ដោយ Geely Xingyuan លក់បាន ៤០ ៨៩១ គ្រឿង និង BYD Seagull លក់បាន ៣០ ៧០៨ គ្រឿង៕