Aston Martin គ្មានគម្រោងប្រកាសចេញឡាន SUV ថ្មីថែមទៀតឡើយ

[ទីផ្សារបរទេស] ជាមួយរថយន្ត DBX707 ក្រុមហ៊ុន Aston Martin បានប្រកាសចេញរថយន្ត SUV ដែលមានកម្លាំងខ្លាំងដាច់គេ ដែលនឹងរុញប្រជាប្រិយភាពត្រកូលរថយន្ត DBX ឲ្យកាន់តែទទួលបានការគាំទ្រខ្លាំងបន្ថែមទៀត។

យ៉ាងណាក្ដី ពេលសួរអំពីផែនការប្រកាសចេញរថយន្ត SUV ផ្សេងទៀត ក្រុមហ៊ុន Aston Martin បញ្ជាក់ថាមិនមានគម្រោងនោះឡើយ។ លោក Tobias Moers នាយកប្រតិបត្តិនៃក្រុមហ៊ុនបានបញ្ជាក់ថាក្រុមហ៊ុននឹងមិនប្រកាសចេញឡាន SUV បន្ថែមឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេលសួរអំពីរថយន្ត DBX ខ្នាតតូច លោកបានឆ្លើយថាវាគ្មានហេតុផលដែលក្រុមហ៊ុនត្រូវបង្កើតគូប្រកួតប្រជែងថ្មីសម្រាប់រថយន្ត DBX នោះឡើយ ហើយសម្រាប់រថយន្តប្រភេទតួវែង (Long Wheelbase) នាយកប្រតិបត្តិរូបនេះនិយាយដោយខ្លីថាទុកតួនាទីនេះឲ្យអ្នកផ្សេងជាអ្នកផលិតចុះ។

គួររំលឹកថាលោក Andy Palmer ដែលធ្លាប់ជាអតីតនាយកប្រតិបត្តិ Aston Martin ធ្លាប់បាននិយាយកាលពីខែកុម្ភៈ ឆ្នាំ២០២០ ថា រថយន្ត Lagonda ប្រភេទអគ្គិសនីអាចនឹងប្រកាសចេញនៅក្រោយឆ្នាំ ២០២៥ ខណៈដែលនាយកប្រតិបត្តិថ្មីទើបបានបញ្ជាក់ខ្លីៗពីរថយន្តនេះថាការវិលត្រឡប់របស់ Lagonda គឺនៅវែងឆ្ងាយ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម