Audi ឈប់ទទួលការបញ្ជាទិញឡាន Plug-in Hybrid នៅអឺរ៉ុប ដោយសារមូលហេតុមួយនេះ

ក្រុមហ៊ុន Audi ត្រូវបានបង្ខំចិត្តបញ្ឈប់ការបញ្ជាទិញរថយន្តប្រើម៉ាស៊ីន Plug-in Hybrid របស់ខ្លួននៅក្នុងទីផ្សារអឺរ៉ុប ដោយសារតែការរំខានផលិតកម្ម ទាក់ទងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

យោងតាមសារព័ត៌មាន Automobilewoche របស់អាល្លឺម៉ង់រាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្ត Audi នឹងទទួលការបញ្ជាទិញរថយន្ត Plug-in Hybrid រហូតដល់ថ្ងៃទី ១០ ខែមីនា ប៉ុន្តែនឹងឈប់បន្ទាប់ពីនោះដោយសារតែបញ្ហាផ្គត់ផ្គង់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យរបស់ Audi បានប្រាប់កាសែតខាងលើថា “ដោយសារតែតម្រូវការខ្ពស់ ក៏ដូចជាការរឹតបន្តឹងមួយចំនួនដែលបណ្តាលមកពីស្ថានភាពផ្គត់ផ្គង់ បរិមាណផលិតកម្មបច្ចុប្បន្នបានអស់ហើយសម្រាប់ម៉ូដែល Audi PHEV ឆ្នាំ ២០២២”។

បន្ថែមពីលើជំហានទាំងនេះ Audi នឹងផ្អាកការផលិត ម៉ូដែល A4 និង A5 ចាប់ពីថ្ងៃទី ៧ ដល់ ១១ ខែមីនា និង ម៉ូដែល A6 និង A7 ចាប់ពីថ្ងៃទី ៧ ដល់ ១៨ ខែមីនា។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតនៅក្នុងក្រុមហ៊ុន Volkswagen Group រួមទាំងម៉ាក Porsche និងម៉ាក Volkswagen ក៏កំពុងកាត់បន្ថយការផលិតរបស់ពួកគេនៅក្នុងប្រទេសអាល្លឺម៉ង់ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម