
[បរទេស] AUDI គឺជាម៉ាកយីហោថ្មីរបស់ Audi ដែលបានបង្កើតឡើងក្រោមការសហការគ្នារវាងក្រុមហ៊ុនមេ Volkswagen ជាមួយ SAIC ជាមួយសម្ធផលដំបូងគឺរថយន្ត AUDI E5 Sportback ប្រភេទអគ្គិសនី។ ខណ:ពេលនេះ ក្រុមហ៊ុនមួយនេះបានធ្វើការចាប់ផ្តើមនៃការលក់សាកល្បង ឬ Pre-Sales សម្រាប់រថយន្តអគ្គិសនី AUDI E5 Sportback ក្នុងប្រទេសចិនដែលបានបង្ហាញខ្លួនកាលពីចុងឆ្នាំមុនហើយ ជាមួយតម្លៃចាប់ពី ៣២ ៩០០ដុល្លារ មុនពេលចេញលក់ផ្លូវការនៅខែកញ្ញាខាងមុខនេះ។
ក្នុងនោះ រថយន្ត Sedan អគ្គិសនី ត្រូវបានផលិតឡើងនៅលើតួរគ្រោង Advanced Digitized Platform ដែលបានអភិវឌ្ឍឡើងផ្ទាល់ដោយ Audi និង SAIC។ រថយន្តនេះប្រវែងតួខ្លួនសរុប ៤ ៨៨១មម ទទឹង ១ ៩៦០មម កម្ពស់ ១ ៤៧៩មម និងគម្លាតកង់មុខក្រោយប្រវែង ២ ៩៥០មម។
សម្រាប់ AUDI E5 Sportback មានជម្រើសសម្រាប់ជ្រើសរើសដោយមានជម្រើសប្រភេទបំពាក់ម៉ូទ័រអគ្គិសនីចំនួន១ និងចំនួន២ ដោយជម្រើសម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងសរុបបាន ៧៨៨សេះ និងអាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ចាយពេលត្រឹម ៣,៤ ទៅ ៣,៩វិនាទីប៉ុណ្ណោះ។
ទាក់ទងទៅនឹងជម្រើសកញ្ចប់អាគុយគឺមាន ៣ជម្រើសសម្រាប់ជ្រើសរើស ដោយមានទំហំ ៧៦,២kWh, ទំហំ ៨៣,៣kWh និង ១០០kWh ដែលអាចផ្តល់នូវចម្ងាយបើកបរចន្លោះពី ៦១៨km ដល់ ៧៧០km អាស្រ័យទៅតាមទំហំអាគុយនីមួយៗ។ លើសពីនេះរថយន្តនេះក៏គាំទ្រការសាកថ្មកម្លាំង ៨០០វ៉ុល ដោយសាកថ្មត្រឹមរយ:ពេល ១០នាទីអាចបើកបរបានចម្ងាយរហូតដល់ ៣៧០Km ផងដែរ៕