កាលពីពេលថ្មីៗនេះ លោក Kritsanakorn Sawetnan អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Micester Technic Company Limited ឬ Audi Thailand បាននិយាយថា ទីផ្សាររថយន្តរបស់ខ្លួនក្នុងរយៈពេល ៧ ខែ (ខែមករា ដល់ ខែកក្កដា) នៃឆ្នាំ២០២៤ នេះ មានអត្រាធ្លាក់ចុះប្រមាណ ២០ ភាគរយ បើធៀបនឹងឆ្នាំមុនដោយសារកត្តាស្ថានការណ៍សេដ្ឋកិច្ចក្នុងប្រទេសថៃមានការធ្លាក់ចុះ។
លោកបាននិយាយបន្ថែមទៀតថា ការលក់រថយន្ត Audi ក្នុងអំឡុងពេលប្រាំពីរខែមានប្រហែលតែ ៥០០ ទៅ ៦០០ ប៉ុណ្ណោះ ដែលបណ្តាលមកពីកត្តាចេញលក់រថយន្តម៉ូឌែលថ្មីតិចតួចពេក។ បើរាប់ចាប់តាំងពីដើមឆ្នាំ២០២៤ មក ក្រុមហ៊ុន Audi បានចេញលក់រថយន្តចំនួនតែ ៣ ម៉ូដែល ប៉ុណ្ណោះ ហើយម៉ូដែលចុងក្រោយបំផុតគឺ Audi Q8 TFSI e quattro S line edition ។
លើសពីនេះទៅទៀត សម្រាប់ការលក់រថយន្តរបស់ Audi ក្នុងឆ្នាំនេះត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ១៥ ភាគរយ បើធៀបនឹងឆ្នាំមុនដែលមានចំនួន ១ ២០០ ទៅ ១ ៣០០ គ្រឿង ។ ហើយក្នុងឆ្នាំនេះទៀតសោកការលក់ជាសកលរបស់ Audi ក៏ត្រូវបានព្យាករណ៍ថានឹងថយចុះពី ១,៩ លានគ្រឿង មកត្រឹម ១,៧ ទៅ ១,៨ លានគ្រឿង ដោយសារការចេញលក់រថយន្តថ្មីនៅលើទីផ្សារមានចំនួនតិចតួចខ្លាំង បើធៀបនឹងក្រុមហ៊ុនផលិតរថយន្តផ្សេងៗ។
ទន្ទឹមនឹងនេះ សម្រាប់នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ ក្រុមហ៊ុន Audi គ្រោងនឹងដាក់បង្ហាញរថយន្តសេរ៊ីថ្មីមិនតិចជាង ១០ ម៉ូឌែលនោះទេ ដែលប្រហែលជា ២ ម៉ូឌែលក្នុងមួយត្រីមាស សម្រាប់ទីផ្សារប្រទេសថៃផ្ទាល់។
គួរឲដឹងថា ក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះ បរិមាណរថយន្តបង្គរសរុបរបស់ Audi នៅក្នុងប្រទេសថៃ មានប្រហែល ១៥ ០០០ គ្រឿង ហើយមជ្ឈមណ្ឌលសេវាកម្មមានច្រើនជាង ៨០ ភាគរយ នៃបរិមាណរថយន្តបង្គរសរុប៕