[ទីផ្សារបរទេស] លោក Markus Duesmann ដែលជានាយកប្រតិបត្តិ Audi បានបញ្ជាក់ថាទាំងរថយន្ត A1 និង Q2 នឹងមិនមានចេញជាជំនាន់ថ្មីនោះឡើយ ដោយក្រុមហ៊ុនកំពុងតែផ្ដោតសំខាន់លើរថយន្តខ្នាតធំ និងរថយន្តប្រភេទ Premium។ នេះមានន័យថាក្រោយការបញ្ចប់ជីវិត A1 និង Q2 នោះរថយន្ត Entry របស់ Audi នឹងជាម៉ូដែល A3 និង Q3។
ដំណឹងនេះត្រូវបានចែករំលែកដោយនាយកប្រតិបត្តិ Audi ក្នុងអំឡុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ Handelsblatt ដោយលោកបាននិយាយថា ៖ “យើងបានសម្រេចថាមិនផលិត A1 ទៀតនោះទេ ហើយក៏គ្មានអ្នកមកជំនួស Q2 ដែរ។ យើងក៏បានកែលម្អ Audi ឲ្យក្លាយជាម៉ាករថយន្ត Premium មួយ។ យើងនឹងកម្រិតម៉ូដែលដែលនៅក្រោម និងពង្រីកម៉ូដែលដែលនៅខាងលើ”។
គួរដឹងថា Audi Q2 បានប្រកាសចេញឆ្នាំ២០១៦ ក្នុងនាមជារថយន្ត SUV តូចជាងគេរបស់ក្រុមហ៊ុន ដោយនៅឆ្នាំ២០១៨ គេបានបន្ថែម SQ2 និង Q2L ជាមួយ Q2L e-tron ផងដែរ។ រថយន្តនេះទទួលបានការកែរូបរាងពាក់កណ្ដាលនៅក្នុងឆ្នាំ២០២០ ហើយវានឹងបន្តដាក់លក់ប៉ុន្មានឆ្នាំទៅមុខទៀត មុនពេលបញ្ឈប់ការផលិតទាំងស្រុង ឯរថយន្ត A1 ក៏នឹងមានជោគវាសនាដូចគ្នា។
ការសម្រេចចិត្តបោះបង់រថយន្ត A1 និង Q2 នឹងអាចឲ្យ Audi បម្រែដើមទុនទៅអភិវឌ្ឍន៍រថយន្តអគ្គិសនី និងរថយន្តខ្នាតធំដែលមានភាគរយចំណេញខ្ពស់ជាង ដែលក្នុងនោះមានដូចជា Q6 e-tron ជាដើម៕