[ទីផ្សារបរទេស] ក្នុងអំឡុងកិច្ចពិភាក្សាទូលំទូលាយមួយប្រធានក្រុមហ៊ុន Audi ប្រចាំសហរដ្ឋអាមេរិក លោក Daniel Weissland បានបង្ហាញការយល់ឃើញថារយៈចម្ងាយបើកបរបានឆ្ងាយរបស់រថយន្តអគ្គិសនី នឹងលែងជារឿងសំខាន់នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធនៃស្ថានីយសាកភ្លើងកាន់តែល្អប្រសើរ។
នេះជារឿងសមហេតុផលមួយសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ព្រោះថាស្ថានីយចាក់សាំងមានជាង ១០ម៉ឺនកន្លែង នៅទូទាំងសហរដ្ឋអាមេរិក ខណៈដែលស្ថានីយសាកភ្លើងល្បឿនលឿនមានប្រមាណ ៦ពាន់កន្លែងប៉ុណ្ណោះ។ គួរចាប់អារម្មណ៍ផងដែរថាបច្ចេកវិទ្យាសាកភ្លើងនឹងបន្តល្អប្រសើរ ដែលមានន័យថានៅថ្ងៃអនាគតការសាកភ្លើងនឹងកាន់តែចំណាយពេលខ្លី។
និយាយពីចម្ងាយបើកបរ Audi និយាយថាអតិថិជនដែលទិញរថយន្តអគ្គិសនីថ្លៃៗ បើកបរចម្ងាយប្រមាណ ៤៨គីឡូម៉ែត្រ ប៉ុណ្ណោះក្នុងមួយថ្ងៃ។ ក្រុមហ៊ុនបានបន្ថែមថា ៩៨% នៃការធ្វើដំណើរមួយជើងគឺមានចម្ងាយតិចជាង ៨០គីឡូម៉ែត្រ ដូចនេះរថយន្តដូចជា Q4 e-tron គឺលើសពីសក្តិសមសម្រាប់អ្នកបើកបរភាគច្រើន ដោយវាផ្ដល់ចម្ងាយបើកបរបាន ៤២៦គីឡូម៉ែត្រ។
បច្ចុប្បន្ននេះ Audi កំពុងតែផ្ដោតខ្លាំងលើរថយន្តអគ្គិសនី ហើយដាក់គោលដៅថានឹងសម្រេចឲ្យបាននូវសែស្រឡាយរថយន្តអគ្គិសនីសុទ្ធនៅត្រឹមឆ្នាំ២០៣៣ ដោយមិនបូកបញ្ចូលប្រទេសចិនឡើយ៕