Audi ៣ម៉ូដែលនេះ ត្រូវដកចេញពីទីផ្សារអង់គ្លេស ព្រោះលក់មិនដាច់

[ទីផ្សារបរទេស] ដំណឹងដែលមានការបញ្ជាក់ពីអ្នកនាំពាក្យរបស់ Audi ប្រចាំនៅចក្រភពអង់គ្លេស បានឲ្យដឹងថាក្រុមហ៊ុនបានសម្រេចចិត្តបញ្ឈប់ការលក់រថយន្ត A4 Allroad, A6 Allroad និង A1 Citycarver ក្នុងទីផ្សារអង់គ្លេស ហើយក៏មិនមានផែនការនាំយករថយន្តទាំងនេះត្រឡប់មកវិញជាមួយ​ជំនាន់ថ្មីផងដែរ។

បើតាមការចុះផ្សាយរបស់ Autocar បានឲ្យដឹងថាការសម្រេចចិត្តនេះក៏ដោយសារការលក់នៃរថយន្តទាំងនេះមានការធ្លាក់ចុះគួរកត់សម្គាល់។ ជាក់ស្ដែងកាលពីឆ្នាំ២០២១ Audi លក់រថយន្ត A4 Allroad បានត្រឹម ២៩២គ្រឿង និងរថយន្ត A6 Allroad លក់បាន ២៥៦គ្រឿង ដែលពួកវាមានចំណែកត្រឹម ៣,៣% និង ៤,៤% នៃចំនួនលក់សរុបរបស់ម៉ូដែល A4 និង A6 ទាំងមូល។ ក្រៅពី Allroad ពីរប្រភេទនេះ Audi ក៏បានបញ្ឈប់​លក់រថយន្ត A1 Citycarver ពីវិបសាយនៅអង់គ្លេសផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក្ដី សម្រាប់ទីផ្សារដទៃទៀតជុំវិញពិភពលោកនឹងមានការដាក់លក់រថយន្តប្រភេទ Allroad នៅឡើយ ព្រោះថាឆាប់ៗខាងមុខ Audi នឹងបង្ហាញចេញរថយន្ត A6 ដែលផ្លាស់ប្ដូរមុខមាត់ថ្មី ដែលក្នុងនោះរួមមាន A6 Allroad ផងដែរ ហើយ​បន្តមកទៀត​គឺការបង្ហាញចេញ A4 ជំនាន់ថ្មីដែលនឹងកើតមាននៅឆ្នាំ២០២៣។

គួរដឹងថាមានក្រុមហ៊ុនជាច្រើនរួចមកហើយដែលបានបញ្ឈប់ការលក់រថយន្តប្រភេទ SUV Wagon នៅអង់គ្លេស ដែលក្នុងនោះមាន Mercedes-Benz បញ្ឈប់ការលក់រថយន្ត E-Class All-Terrain និង C-Class All-Terrain ខណៈដែល VW Group បានឈប់លក់រថយន្ត VW Passat Alltrack និង Skoda Octavia Scout៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម