Audi បានបញ្ចេញលក់រថយន្ត A1 Citycarver ថ្មី នៅលើចក្រភពអង់គ្លេស ដែលមានតម្លៃចាប់ពី ២៨ ៣០០ដុល្លារ។
A1 Citycarver ម៉ូដែល 30 TFSI បំពាក់លក្ខណៈពិសេសមកស្តង់ដារជាច្រើន ដូចជា យ៉ាន់ ១៧អ៊ីង, ចង្កៀងមុខ LED, កុងទ័រជីឌីថលទំហំ ១០,២៥អ៊ីង, អេក្រង់ Infotainment System ទំហំ ៨,៨អ៊ីង, កៅអីស និងដៃចង្កូតបែបស្ព័រ។
រថយន្តនេះប្រើម៉ាស៊ីនចំណុះ ១,០លីត្រ Turbocharged ទំហំ ៣ស៊ីឡាំង មានកម្លាំង ១១៤សេះ ហើយមានទាំងជម្រើសលេខដៃ ៦វគ្គ និងអូតូ ៧វគ្គ អាចរត់ពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៩,៩វិនាទី ហើយមានល្បឿនអតិបរមា ១៩៨គីឡូម៉ែត្រក្នុងមួយម៉ោង។
ដោយឡែក A1 Citycarver ម៉ូដែល 35 TFSI វិញ ប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៨សេះ អាចរត់ពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៨,២វិនាទី ហើយមានល្បឿនអតិបរមា ២១៩គីឡូម៉ែត្រក្នុងមួយម៉ោង។
បើប្រៀបធៀបទៅនឹង Audi A1 Sportback រថយន្ត A1 Citycarver ថ្មីនេះមានកម្ពស់ខ្ពស់ជាងដល់ទៅ ៤០មីល្លីម៉ែត្រឯណោះ៕