[ទីផ្សារបរទេស] ក្រុមហ៊ុន Audi បានប្រកាសចេញនូវតម្លៃនៃរថយន្ត A8 ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយដាក់ក្នុងតម្លៃចាប់ពី ៨៦ ៥០០ដុល្លារ។
ជាមួយនឹងតម្លៃដូចគ្នាទៅនឹងស៊េរីឆ្នាំ២០២១ រថយន្ត Audi A8 ឆ្នាំ២០២២ បានផ្លាស់ប្តូរការឌីហ្សាញផ្នែកខាងក្រៅតិចតួច ជាមួយនឹងប៉ាណាមុខធំជាងមុន ព្រមទាំងចង្កៀងមុខ LED ថ្មី ទៀតផង។ មិនតែប៉ុណ្ណោះ វាក៏អាប់ដេតចង្កៀងក្រោយ OLED ទៀតផង។
ចំណែកឯផ្នែកខាងក្នុង វាមានកន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៤តំបន់, ប្រព័ន្ធសំឡេង Bang & Olufsen sound system, កុងទ័រឌីជីថល, អេក្រងកម្សាន្តទំហំ ១០,១អ៊ីញ និង អេក្រង់បញ្ជាមុខងារផ្សេងៗ ទំហំ ៨,៦អ៊ីញ មួយទៀតផងដែរ។
រថយន្ត Audi A8 ឆ្នាំ២០២២ ផ្តល់ជម្រើសតែ ១ម៉ូដែលប៉ុណ្ណោះ គឺ A8 L 55 ដែលប្រើម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៣៥សេះ និងកម្លាំងរមួល ៥០០ញ៉ូតតុនម៉ែត្រ។
វាដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធបើកបរប៉ុងពីរ ដែលអនុញ្ញាតឲ្យវាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៦វិនាទី និងមានល្បឿនអតិបរមាដល់ ២០៩គីឡូម៉ែត្រក្នុងមួយម៉ោង៕