Audi បានបង្ហាញចេញនូវរថយន្ត Audi A8 L Security ជាស៊េរីឆ្នាំ ២០២១ ដែលមានសមត្ថភាពអាចការពារអ្នកដំណើរពីគ្រាប់កាំភ្លើង និងគ្រាប់បែកបានយ៉ាងល្អប្រសើរបំផុត។
ការបម្លែងរថយន្ត Audi A8 L ធម្មតាមកជារថយន្តពាសដែកបែបនេះគឺត្រូវប្រើពេលបន្ថែម ៤០០ ម៉ោង និងធ្វើឡើងក្នុងរោងចក្រដាច់ដោយឡែកមួយ។ រថយន្តពាសដែករបស់ Audi គឺសុទ្ធតែឆ្លងកាត់ការធ្វើតេស្តរបស់អ្នកជំនាញ ដែលអាចធន់នឹងកាំភ្លើង Sniper, គ្រាប់បែកដៃ និងការបាញ់រះ។
រថយន្តនេះក៏មានប្រព័ន្ធពិសេសអាចឲ្យវាបើកទៅមុខបានចម្ងាយ ៨០ គ.ម ក្នុងល្បឿន ៨០ គ.ម/ម៉ ទោះបីជាកង់រថយន្តធ្លាយក្ដី។ ប្រសិនបើទ្វារថយន្តគាំងមិនអាចបើកចេញបាន អ្នកដំណើរអាចដំណើរការប្រព័ន្ធបំផ្ទុះដើម្បីកម្ទេចទ្វារថយន្តបាន។
រថយន្តនេះមានប្រើប្រាស់ម៉ាស៊ីន Twin-Turbo V8 ដែលអាចផលិតកម្លាំងបាន ៥៦៣ សេះ អាចឲ្យស្ទុះពី ០-១០០ គ.ម/ម៉ ក្នុងពេល ៦,៣ វិនាទី និងមានល្បឿនអតិបរមាត្រឹម ២១០ គ.ម/ម៉។ Audi គិតថ្លៃជិត ៧៥ ម៉ឺនដុល្លារ សម្រាប់រថយន្តពាសដែកនេះ ហើយអតិថិជនដែលចាប់អារម្មណ៍ត្រូវរង់ចាំពី ៣ ទៅ ៦ ខែទើបទទួលបានរថយន្ត៕