Audi A8 ឆ្នាំ២០២២ ចេញផ្លូវការ ជាមួយបច្ចេកវិទ្យាកាន់តែទំនើប និងច្រើនជាងមុន

ក្រុមហ៊ុន Audi បានធ្វើការបង្ហាញចេញនូវរថយន្ត Full-size Sedan ឆ្នាំ២០២២ របស់ខ្លួន ជាមួយការអាប់ដេតថ្មីទៅលើរូបរាងផ្នែកខាងក្រៅ ជម្រើសម៉ាស៊ីនថ្មី និងបច្ចេកវិទ្យាច្រើនជាងមុន។

សម្រាប់ចំណុចគួរអោយកត់សម្គាល់ទៅលើរូបរាងខាងក្រៅនៃម៉ូឌែលឆ្នាំ២០២២ នេះគឺ ផ្នែកខាងក្រៅនៃរថយន្តបានទទួលការអាប់ដេតថ្មីទៅលើសំណាញ់ប៉ាណាខាងមុខ, កាងមុខ ដោយបំពាក់ជាមួយរន្ធខ្យល់ធំជាងមុន និងបំពាក់ជាមួយចង្កៀងមុខប្រភេទ Digital Matrix LED មានបំណែកនៃកញ្ចក់មីក្រូ ១,៣លាននៅក្នុងចង្កៀងនីមួយៗ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯផ្នែកខាងក្នុងនៃរថយន្ត បានបំពាក់ជាមួយកុងទ័រឌីជីថលទំហំ ១០,១អ៊ីញ, អេក្រង់ព័ត៌មានបាញ់លើកញ្ចក់ HUD, អេក្រង់កម្សាន្ត Touchscreen ទំហំ ៨,៦អ៊ីញ ភ្ជាប់ដោយប្រព័ន្ធកម្សាន្ត MIB3 ជំនាន់ចុងក្រោយបំផុតរបស់ Audi, ឧបករណ៍បំពងសម្លេងប្រភេទ Bang & Olufsen Advanced ទំហំ ១ ៩២០វ៉ាត់​ ចំនួន ២៣ចំណុច, ភ្លើងបំភ្លឺសម្រាប់ធ្វើការ និងអានសៀវភៅប្រភេទ Matrix LED និងអេក្រង់កម្សាន្ត នៅកៅអីខាងក្រោយចំនួនពីរ ទំហំ ១០,១អ៊ីញ។

បន្ថែមនេះ Audi ក៏ផ្តល់ជូនជម្រើសសម្រាប់អតិថិជន ជាមួយកៅអីប្រភេទ Relaxation, ក្បាលកៅអី(Headrest) អាចបញ្ជាដោយថាមពលអេឡិចត្រូនិច, ទម្រជើងភ្ជាប់ដោយមុខងារម៉ាស្សា និងកម្តៅ, ម៉ាស៊ីនត្រជាក់ប្រភេទ Deluxe ចំនួន ៤តំបន់ និងជម្រើសជាច្រើនបន្ថែមទៀត។

ចំណែកឯប្រព័ន្ធសុវត្តិភាពជំនួយការបើកបរ Audi’s Pre sense basic បានធ្វើការអភិវឌ្ឍន៍ថ្មីរហូតដល់ចំនួន ៤០ចំណុច។ ក្នុងនោះដែរ Audi’s Pre sense basic ក៏បានភ្ជាប់មកជាមួយជម្រើសកញ្ចប់ស្តង់ដាចំនួន ៣គឺ Park, City និង Tour offering semi-autonomous។

Audi A8 ឆ្នាំ២០២២ ផ្តល់នូវជម្រើសម៉ាស៊ីនដូចជា 3.0 TFSI V6, 4.0 TFSI V8, Biturbo 4.0 TFSI, 3.0 TDI turbodiesel ។ ដោយ A8 60 TSFI quattro បំពាក់ជាមួយម៉ាស៊ីនចំណុះ ៤.០លីត្រ V8 កម្លាំង ៤៥៣សេះ និងម៉ូឌែល A8 55 TFSI បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣.០លីត្រ V6 ផលិតកម្លាំងបាន ៣៣៥សេះ (ទីផ្សារអ៊ឺរ៉ុប) និងកម្លាំង ២៨២សេះ (ទីផ្សារប្រទេសចិន)។ បន្ថែមពីនេះ គ្រប់ជម្រើសម៉ូឌែលនៃ A8 ឆ្នាំ២០២២ នឹងទទួលបានជំនួយពីប្រព័ន្ធ Mild-hybrid ៤៨V និងប្រអប់លេខ ៨វគ្គអូតូ ផ្តល់ថាមពលទៅកាន់កង់ទាំងបួន (Quattro AWD) ។

នៅលើទីផ្សារអ៊ឺរ៉ុប រថយន្ត Audi A8 នឹងចាប់ផ្តើមលក់នៅក្នុងខែធ្នូ ជាមួយតម្លៃចាប់ពី ១១៥ ៥៤០ដុល្លារឡើងទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម