Audi បានប្រកាសចេញរថយន្តស្ព័រ R8 V10 RWD ថ្មីជាផ្លូវការ ជាមួយតម្លៃចាប់ពី ១៣៩ ៩៥០ដុល្លារលើទីផ្សារបរទេស។
រថយន្ត Audi R8 V10 RWD ប្រើម៉ាស៊ីនចំណុះ ៥,២លីត្រ FSI ទំហំ ១០ស៊ីឡាំង មានកម្លាំង ៥៣៣សេះ ប្រើប៉ុងមួយវិលកង់ក្រោយ និងប្រអប់លេខអូតូ ៧វគ្គ S Tronic។ វាអាចរត់ពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៣,៧វិនាទីសម្រាប់ម៉ូដែល Coupe និង ៣,៨វិនាទីសម្រាប់ម៉ូដែល Spyder (បើកដំបូល) ហើយអាចរត់ដល់ល្បឿនអតិបរមា ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង។
វាបានបន្ថែមពណ៌តួខ្លួនថ្មីមួយ គឺពណ៌ប្រផេះ Kemora Gray។ ចំណែកឯផ្នែកខាងក្នុងវិញ វាបំពាក់កៅអីស្ព័រស្រោបស្បែក និងកាំម្ញីមកស្តង់ដារ ហើយតាប្លូត្រង់កន្លែងអ្នកដំណើរមានផ្លាក RWD ដើម្បីបញ្ជាក់ថាវាជាម៉ូដែលថ្មី។
យ៉ាងណាមិញ បើនិយាយពីការរចនា និងរូបរាង នៅតែស្រដៀងរថយន្ត Audi R8 ធម្មតាដដែល គ្រាន់តែមានការអាប់ដេតបន្ថែមបន្តិចបន្តួចប៉ុណ្ណោះ៕