[ទីផ្សារបរទេស] ក្រុមហ៊ុន Micester Technic Co., Ltd. ដែលជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្ត Audi ផ្លូវការនៅក្នុងប្រទេសថៃ បានធ្វើការដាក់បង្ហាញនៅរថយន្ត Audi RS3 Sportback ស៊េរីឆ្នាំ ២០២២ ជំនាន់ទី៣ ជាមួយនឹងតម្លៃលក់ ១៤៩ ០០៣ ដុល្លារ នៅក្នុងទីផ្សារប្រទេសថៃ។
រថយន្ត Audi RS3 Sportback ត្រូវបានបំពាក់ដោយផ្នែកខាងក្រៅពណ៌ខ្មៅរលោង ឬហៅថា Glossy Black និងឈ្មោះម៉ូដែល ព្រមទាំងភ្ជាប់មកជាមួយចង្កៀងមុខប្រភេទ Matrix LED ជាមួយនឹងភ្លើង Staging, ភ្លើងបំភ្លឺពេលថ្ងៃ RS3 Signature LED, ចង្កៀងក្រោយប្រភេទ LED, ដំបូលកញ្ចក់បែប Panoramic បើក-បិទដោយថាមពលអគ្គិសនី និងថាសកង់ស្ព័រ Y-spoke ទំហំ ១៩ អ៊ីញ តុបតែងដោយឡូហ្គោ RS ជាមួយដុំហ្រ្វាំង RS brake callipers ពណ៌ក្រហម។
ផ្នែកខាងក្នុងត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារចនាម៉ូដ RS ជាមួយនឹងកៅអីខាងមុខស្រោបដោយស្បែក របស់ RS Sports ប្រភេទ diamond-encrusted អាចលៃតម្រូវដោយដោយថាមពលអគ្គិសនីជាមួយនឹងការរុញថយក្រោយ និងមុខងារចងចាំទីតាំងអ្នកបើកបរ ដៃចង្កូតស្បែកបែបស្ព័រជាមួយឡូហ្គោ RS កុងទ័រព័ត៌មានទំហំ ១២,៣ អ៊ី ប្រព័ន្ធ MMI Radio plus ជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៊ីញ MMI Bang & Olufsen 3D, រន្ធ USB-C ខាងមុខចំនួន ២ និងក្រោយចំនួន ២ និងភ្លើងលម្អផ្នែកខាងក្នុងដែលអាចលៃតម្រូវពណ៌បានផងដែរ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Audi RS3 Sportback ដំណើរការដោយម៉ាស៊ីនចំណុះ ២,៥ លីត្រ turbocharged ទំហំ ៥ស៊ីឡាំង ផលិតកម្លាំងបាន ៤០០ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧វគ្គ S Tronic និងប៉ុង២ បង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/មួយម៉ោង ក្នុងរយៈពេល ៣,៨ វិនាទី និងអាចបង្កើនល្បឿនដល់ទៅ ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង៕