លោក Herbert Diess ប្រធានសម្ព័ន្ធ Volkswagen Group បានបង្ហើបអំពីព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយចំនួនអំពីផែនការអនាគតរថយន្តរបស់ Audi ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សម្ព័ន្ធ។
ជាដំបូងលោក Herbert បានបញ្ជាក់ថារថយន្ត e-tron GT នៅដំណើរការតាមការគ្រោងទុក និងកំណត់ថាចាប់ផ្ដើមចូលរោងចក្រផលិតនៅចុងឆ្នាំ ២០២០ នេះ។ នៅឆ្នាំ ២០២១ នឹងមានការបង្ហាញចេញរថយន្ត Q4 e-tron និង Q4 Sportback e-tron ដែលអាចបើកបរបានចម្ងាយ ៤៥០គីឡូម៉ែត្រ ពេលសាកភ្លើងពេញ។
បន្ថែមពីនេះលោក Herbert ក៏បានប្រាប់អំពីគម្រោងការ Artemis របស់ក្រុមហ៊ុនផងដែរ។ លោកបាននិយាយថាគម្រោងការ Artemis គឺមានន័យថា Audi បានចាប់ផ្ដើមការប្រណាំងប្រជែងជាមួយ Tesla ជាផ្លូវការ ដោយមានក្រុមអ្នកជំនាញតូចមួយកំពុងសិក្សាលើរថយន្តអគ្គិសនីជំនាន់ថ្មី។ រថយន្តអគ្គិសនីអនាគតរបស់ Audi អាចបង្ហាញមុខលឿនបំផុតនៅក្នុងឆ្នាំ ២០២៤។៕