ក្រុមហ៊ុន Audi ទើបតែបានប្រកាសចេញរថយន្ត RS7 Sportback ម៉ូដែលពិសេសថ្មី ហៅថា Exclusive Edition ដែលនឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ២៣គ្រឿងប៉ុណ្ណោះ ជាមួយនឹងតម្លៃចាប់ពី ១៦៥ ៤០០ដុល្លារ ក្នុងមួយគ្រឿង។
គួរឲ្យដឹងដែរថា សម្រាប់ម៉ូដែល RS7 ស្តង់ដារ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ១១៨ ៥០០ដុល្លារប៉ុណ្ណោះ។ វាមានប្រើម៉ាស៊ីនដូចគ្នា គឺកម្លាំង ៥៩១សេះ និងកម្លាំងរមួល ៧៩៩ញ៉ូតុនម៉ែត្រ ហើយអាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៥វិនាទី និងមានល្បឿនអតិបរមាដល់ ៣០៦គីឡូម៉ែត្រក្នុងមួយម៉ោង។
ទោះបីជាយ៉ាងណាក៏ដោយ រថយន្ត RS7 Sportback Exclusive Edition នេះ មានបំពាក់ Option និងការឌីហ្សាញពិសេសៗមួយចំនួន ដែលគ្មានលើ RS7 ស្តង់ដារនោះទេ។ ជាក់ស្តែងគឺ ទឹកថ្នាំពណ៌ខ្មៅ Mamba Black Pearl Effect, រូទ័រហ្វ្រាំង Ceramic ជាមួយនឹងគម្របហ្វ្រាំងពណ៌ខៀវ, ចង្កៀងមុខ Audi Laser LED និង ថ្នេរដេរពូកពណ៌ខៀវ Sepang Blue ជាដើម។
យ៉ាងណាក៏ដោយ វាក៏មាន Option ដែលអាចបន្ថែមបានមួយចំនួនទៀត រួមទាំង ប្រព័ន្ធបូម Dynamic Ride Control ផងដែរ។ រថយន្តនេះនឹងចេញលក់នៅចុងរដូវក្តៅខាងមុខ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕