Audi បានក្លាយជាក្រុមហ៊ុនឈានមុខគេរបស់ Volkswagen Group ដែលនឹងដឹកនាំខាងការអភិវឌ្ឍន៍បច្ចេកវិទ្យា និងគ្រោងឆ្អឹងរថយន្តអគ្គិសនីថ្មី។
ក្នុងនោះដែរ Audi កំពុងតែសិក្សាលើគម្រោងការមួយឈ្មោះថា Project Artemis ជាគម្រោងការផលិតរថយន្តអគ្គិសនីដ៏ទំនើប និងពោរពេញដោយការសម្ងាត់បំផុត ដែលគ្រោងនឹងបង្ហាញចេញនៅត្រឹមឆ្នាំ ២០២៤ ខាងមុខ។ ដើម្បីឲ្យគម្រោងការនេះសម្រេចបានដូចការគ្រោងទុក Audi បានធ្វើការដាក់ចេញផែនការនៃការចំណាយរហូតដល់ឆ្នាំ ២០២៥ ជាមួយការបណ្ដាក់ទុនជាទឹកប្រាក់ ១២ពាន់លានដុល្លារ។
Audi ក៏គ្រោងនឹងបង្ហាញចេញរថយន្តអគ្គិសនីថ្មីជាច្រើនក្នុងនោះរួមមានម៉ូដែល Audi Q4 e-tron និងរថយន្ត e-tron GT ដែលអាចនឹងចេញនៅឆ្នាំ ២០២១។ បន្ថែមពីនេះនៅត្រឹមឆ្នាំ ២០២៥ ក្រុមហ៊ុននឹងពង្រីកសែស្រឡាយរថយន្តអគ្គិសនីរបស់ខ្លួនឲ្យបានប្រមាណ ៣០ម៉ូដែល៕