ក្រុមហ៊ុន Audi បានបង្ហាញចេញនូវរូបរាងគំរូនៃរថយន្ត Audi A6 e-tron នៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Shanghai Motor ឆ្នាំ២០២២ កាលពីសប្ដាហ៍កន្លងទៅនេះ។
រថយន្តប្រភេទ Concept នេះគឺមានទំហំប៉ុនគ្នានឹងរថយន្ត A6 ធម្មតាដែរដោយមានប្រវែង ៤,៩៦ម៉ែត្រ មានទទឹង ១,៩៦ម៉ែត្រ និងមានកម្ពស់ ១,៤៤ម៉ែត្រ។ តាមរយៈ Concept នេះ ក្រុមហ៊ុន Audi អះអាងថាខ្លួននឹងផ្ដល់ជូនរថយន្តអគ្គិសនីច្រើនជម្រើសដល់អតិថិជននៅទីផ្សារអាមេរិក ដែលច្រើនជាងម៉ាករថយន្តប្រណីតដទៃឯទៀត។
រថយន្ត Audi A6 e-tron នេះគឺនឹងជារថយន្ត Audi ដំបូងគេដែលផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង PPE ដែលជាគ្រោងឆ្អឹងផលិតឡើងជាពិសេសសម្រាប់រថយន្តអគ្គិសនី។ រថយន្តដទៃទៀតដែលនឹងប្រើគ្រោងឆ្អឹងនេះរំពឹងថាមានដូចជារថយន្ត Audi Q5 e-tron និងរថយន្ត Audi Q6 e-tron ដែលអាចបង្ហាញវត្តមាននៅឆ្នាំ២០២២។
គ្រោងឆ្អឹង PPE បានរួមសហការផលិតចេញឡើងជាមួយក្រុមហ៊ុន Porsche ហើយវាក៏នឹងមានប្រើប្រាស់លើរថយន្ត Porsche Macan ប្រភេទអគ្គិសនីផងដែរ។
គួរដឹងថារថយន្ត A6 e-tron Concept នេះមានបំពាក់ដោយអាគុយចំណុះ ១០០គីឡូវ៉ាត់ ហើយវាប្រើប្រាស់បច្ចេកវិទ្យាសាកកម្លាំង ៨០០វ៉ាត់ ដែលសាក១០នាទីអាចឲ្យរថយន្តជិះបានចម្ងាយ ៣០០គីឡូម៉ែត្រឯណោះ ហើយវាអាចសាកឡើងពី ៥% ដល់ ៨០% ក្នុងពេលត្រឹម ២៥នាទី។ Audi អះអាងថារថយន្តនេះអាចបើកបរបានចម្ងាយជាង ៧០០គីឡូម៉ែត្រពេលសាកភ្លើងពេញ។ A6 e-tron Concept នេះដែរមានប្រើប្រាស់ម៉ូទ័រអគ្គិសនីភ្លោះដែលផលិតកម្លាំងបាន ៤៧០សេះ៕