Audi បញ្ជាក់ច្បាស់ៗថានឹងប្រកាសចេញតែឡានអគ្គិសនីប៉ុណ្ណោះ នៅត្រឹមឆ្នាំ២០២៦

ក្រោយពីមានការលេចចេញដំណឹងចចាមអារ៉ាមអំពីផែនការប្រែក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធរបស់ Audi នាពេលនេះក្រុមហ៊ុនបានប្រកាសជាផ្លូវការអំពីផែនការលុបបំបាត់រថយន្តប្រើប្រាស់ម៉ាស៊ីនពិស្តុង។

ក្នុងសេចក្ដីប្រកាស ក្រុមហ៊ុន Audi បានបញ្ជាក់ថាការផលិតលើកចុងក្រោយនៃរថយន្តដែលប្រើម៉ាស៊ីនអភិវឌ្ឍន៍ថ្មីទាំងស្រុងនឹងត្រូវបឲចាប់ផ្ដើមក្នុងពេល៤ឆ្នាំខាងមុខទៀត ហើយចាប់ពីឆ្នាំ២០២៦ ក្រុមហ៊ុននឹងប្រកាសចេញតែរថយន្តអគ្គិសនីប៉ុណ្ណោះ។ ក្នុងនោះដែរ Audi មានគោលដៅចង់ពង្រីកត្រកូលរថយន្តអគ្គិសនីឲ្យបានលើសពី២០ម៉ូដែល នៅត្រឹមឆ្នាំ២០២៥។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Audi បានបញ្ជាក់ដែរថាកាលបរិច្ឆេទពិតប្រាកដនៃការបញ្ឈប់ការផលិតរថយន្តប្រើប្រាស់ម៉ាស៊ីនពិស្តុងទាំងស្រុង នឹងត្រូវសម្រេចដោយអតិថិជន និងនីតិវិធីនៃច្បាប់។ ក្រុមហ៊ុនរំពឹងថានឹងនៅតែមានតម្រូវការសម្រាប់រថយន្តម៉ាស៊ីនពិស្តុងក្នុងទីផ្សារប្រទេសចិនរហូតដល់ឆ្នាំ២០៣៣។

គួរដឹងថានៅឆ្នាំ២០២១នេះ ក្រុមហ៊ុន Audi បានបង្ហាញចេញរថយន្ត e-tron GT, RS e-tron GT, Q4 e-tron រួមទាំង Q4 Sportback e-tron ផងដែរ ដែលចំនួននេះគឺច្រើនជាងរថយន្តម៉ាស៊ីនពិស្តុងដែលក្រុមហ៊ុនបានប្រកាសចេញក្នុងឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម