
ម៉ាកយីហោ Avatr ដែលជាប្រេនរថយន្តអគ្គិសនីកម្រិតខ្ពស់ បង្កើតឡើងដោយកិច្ចសហការរវាងក្រុមហ៊ុន CATL, Huawei និង Changan បានប្រកាសជាផ្លូវការនូវការដាក់ឈ្មោះម៉ូឌែលថ្មី ស្ថិតក្រោមកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ២.០ រួមមបញ្ចូលជាមួយប្រព័ន្ធ Huawei Qiankun។ រថយន្តនេះត្រូវបានគេរំពឹងថា នឹងក្លាយជាយានយន្តដំបូងគេបង្អស់ដែលបំពាក់នូវបច្ចេកវិទ្យា LiDAR ជំនាន់ថ្មីស្រឡាងរបស់ក្រុមហ៊ុន Huawei។
រូបភាពផ្សព្វផ្សាយជាផ្លូវការ បញ្ចេញដោយក្រុមហ៊ុន Avatr បានបញ្ជាក់ថា ម៉ូឌែល 06T នឹងមានរូបរាងជារថយន្តប្រភេទ Wagon ដ៏ស្រស់ស្អាត ដោយរក្សានូវរចនាបថផ្នែកខាងមុខតាមបែបគ្រួសាររបស់ប្រេននេះ និងមានបំពាក់ឧបករណ៍ LiDAR នៅលើដំបូល។ ការប្រកាសនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានការធ្លាយរូបភាពលួចថត កាលពីម្សិលមិញ ដែលបានបង្ហាញឲ្យឃើញនូវរូបរាងត្រួសៗរបស់រថយន្ត Avatr 06 Wagon ទោះបីជាមានការបិទបាំងយ៉ាងជិតក៏ដោយ។ ស្ថិតក្នុងសភាពបិទបាំងប៉ុន្តែរូបភាពលួចថតទាំងនោះបានបង្ហាញឲ្យឃើញពីការបន្តប្រើប្រាស់ការរចនាផ្នែកខាងមុខជាអត្តសញ្ញាណរបស់ Avatr និងចង្កៀងក្រោយវែងកាត់ទទឹងរថយន្ត។
Avatr 06T ត្រូវបានគេរំពឹងថាជារថយន្តប្រភេទ Wagon ឬ Shooting Brake ដែលអភិវឌ្ឍចេញពីម៉ូដែល Avatr 06។ ចំពោះម៉ូឌែល Avatr 06 ជារថយន្តផលិតក្នុងទ្រង់ទ្រាយធំទី៤ របស់ប្រេននេះ ត្រូវបានដាក់សម្ពោធក្នុងខែមេសា ឆ្នាំ២០២៥។ រីឯម៉ូឌែល 06T ត្រូវបានគេរំពឹងថានឹងក្លាយជាគូប្រជែងជាមួយម៉ូឌែលនានាដូចជា Zeekr 007 GT នៅក្នុងទីផ្សារ។
ផ្អែកតាមរូបភាពលួចថតយ៉ាងលម្អិតបានបង្ហាញថា រថយន្ត Avatr 06T បានដើរតាមរចនាបថជារួមរបស់គ្រួសារ Avatr យ៉ាងច្បាស់លាស់។ បណ្ដុំចង្កៀងមុខរបស់វា មានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹងម៉ូឌែល Avatr 06 រួមជាមួយឧបករណ៍ LiDAR ដំឡើងនៅលើដំបូល។ រូបរាងចំហៀងនៃរថយន្តនេះ បង្ហាញពីទម្រង់ដំបូលបែប Fastback មានជម្រាល រត់ភ្ជាប់ទៅផ្នែកខាងក្រោយយ៉ាងរលូន។ បន្ថែមពីនេះ វាក៏មានចំណុចទំនើបៗជាច្រើនទៀត ដូចជាកញ្ចក់មើលក្រោយចំហៀងបែបឌីជីថល (ប្រើកាមេរ៉ា) និងដៃទ្វារប្រភេទពាក់កណ្ដាលលាក់ខ្លួន (Semi-hidden door handles)។
ផ្នែកខាងក្រោយនៃ Avatr 06T ត្រូវបានកំណត់សម្គាល់ដោយការរចនា shoulder design មើលទៅពេញសស្រស់ស្អាតនិងរឹងមាំ រួមបញ្ចូលជាមួយកាងកង់ខាងក្រោយមានរាងមូលទ្រវែង។ ចំពោះបណ្ដុំចង្កៀងក្រោយ ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ការរចនាបំបែកជាពីរ ដូចទៅម៉ូឌែលបច្ចុប្បន្នរបស់ប្រេននេះ ខណៈដែលផ្នែកខាងក្រោមនៃកន្ទុយឡានមានលក្ខណៈស្រដៀងគ្នាទៅនឹងម៉ូឌែល Avatr 06។
ពាក់ព័ន្ធនឹងប្រព័ន្ធបញ្ជូនថាមពល ម៉ូឌែលថ្មីនេះត្រូវបានគេព្យាករណ៍ថានឹងផ្ដល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ (Pure Electric) និងប្រភេទអគ្គិសនីមានម៉ាស៊ីនជំនួយ (Extended-range)។ បន្ថែមពីនេះ Avatr 06T នឹងត្រូវបានបំពាក់ដោយប្រព័ន្ធជំនួយការបើកបរ ADS 4 របស់ Huawei Qiankun និងបន្ទប់អ្នកបើកបរឆ្លាតវៃ HarmonySpace 5៕


















