នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន Avatar Technology ដែលសហការបង្កើតឡើងដោយ Changan, Huawei និង CATL បានប្រកាសវិនិយោគទឹកប្រាក់ប្រមាណជាង ១១ ពាន់លានយន់ ឫស្មើនឹង ១,៥ ពាន់លានដុល្លារ នៅក្នុងគម្រោងហិរញ្ញប្បទាន C របស់ពួកគេ។
ចំពោះកាវិនិយោគនេះផងដែរ មានគោលបំណងបង្កើត និងបង្ហើនការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D), ពង្រីកខ្សែសង្វាក់ផលិតកម្ម, បន្ថែមការអភិវឌ្ឍន៍ម៉ាកយីហោ និងសេវាកម្ម, បង្កើនល្បឿនប្រតិបត្តិការបច្ចុប្បន្នរបស់ Avatr និងលើកកម្ពស់ការប្រកួតប្រជែងនាពេលអនាគតរបស់ខ្លួននៅក្នុងទីផ្សាររថយន្ត EV ប្រណីត។
គួរឲដឹងថា ក្រុមហ៊ុន Avatr ត្រូវបានបង្កើតឡើងដំបូងដោយក្រុមហ៊ុន Changan Automobile ដោយសហការជាមួយ Nio មានឈ្មោះថា Changan-Nio មានភាគហ៊ុន ៥០:៥០ នៅក្នុងឆ្នាំ២០១៨ ។ បន្ទាប់ពី ២ឆ្នាំក្រោយមក សម្ព័ន្ធភាពនេះមានការប្រែប្រួលបែកបាក់ ហើយក្រុមហ៊ុន Changan បានបន្តសហការជាមួយក្រុមហ៊ុន CATL និង Huawei ជាដៃគូអភិវឌ្ឍន៍ ហើយដាក់ឈ្មោះក្រុមហ៊ុនថា Avatr ។ គួរបញ្ជាក់ផងថា ក្រុមហ៊ុន Changan គឺជាម្ចាស់ភាគហ៊ុនចម្បងដែលមានភាគហ៊ុន ៤០,៩៩ភាគរយ ខណៈដែល CATL កាន់កាប់ភាគហ៊ុន ១៤,១ភាគរយ ខណៈភាគហ៊ុនដែលនៅសល់ត្រូវបានកាន់កាប់ដោយរដ្ឋាភិបាលក្នុងតំបន់ និងមូលនិធិវិនិយោគ។ ក្នុងនោះ ក្រុមហ៊ុន Huawei មិនមែនជាម្ចាស់ភាគហ៊ុនទេ ប៉ុន្តែជាអ្នកសហការយ៉ាងជិតស្និទ្ធដែលផ្តល់នូវដំណោះស្រាយបច្ចេកវិទ្យាជាច្រើនរបស់ Avatr ។
គួរឲកត់សម្គាល់ថា នៅក្នុងខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុន Avatr បានចាប់ផ្តើមប្រកាសវិនិយោគទឹកប្រាក់ចំនួនជិត ៥ ពាន់លានយន់ (៦៨០ លានដុល្លារ) នៅក្នុងគម្រោងហិរញ្ញប្បទាន A ហើយនៅក្នុងខែសីហា ឆ្នាំ២០២៣ Avatr បានប្រកាសវិនិយោគទឹកប្រាក់ចំនួនជិត ២០ ពាន់លានយន់ (២,៧ ពាន់លានដុល្លារ) នៅក្នុងគម្រោងហិរញ្ញប្បទាន B របស់ពួកគេ។
ក្រុមហ៊ុន Avatr បានសម្រេចនូវបរិមាណនៃការលក់ប្រចាំខែវិច្ឆិកាចំនួន ១១ ៥៧៩ គ្រឿង កើនឡើង ១៨០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ នៅក្នុងខែធ្នូ ក្រុមហ៊ុនមួយនេះបានប្រកាសដាក់បង្ហាញចេញលក់នូវរថយន្ត Avatr 11 សេរ៊ីឆ្នាំ២០២៤ និងបានបង្ហាញរថយន្ត Avatr 06 ស៊េរីថ្មីរបស់ពួកគេផងដែរ៕