[បរទេស] ក្រុមហ៊ុន Baojun ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា SAIC-GM-Wuling (SGMW) នៅក្នុងប្រទេសចិន បានធ្វើការដាក់បង្ហាញរូបភាព teaser នៃរថយន្តអគ្គិសនី SUV ដែលមិនទាន់បញ្ចេញឈ្មោះ រួមបញ្ចូលគ្នានៅរចនាបថបែប Off-Road ។
រថយន្តអគ្គិសនីនេះមានរូបរាងបែបប្រអប់ជ្រុង ស្រដៀងទៅនឹងរថយន្ត Ford Bronco ខ្នាតតូច។ ទោះយ៉ាងណាក៏ដោយ វាមានទំហំតូចខ្លាំង ដែលមានទំហំតូចជាងរថយន្ត Suzuki Jimny ផងដែរ។
នៅផ្នែកខាងមុខ មានប៉ាណាឲ្យឈ្មោះថា Honda-style grille ដែលមានចង្កៀង LED រាងជាជ្រុងចំនួន ៤។ លក្ខណៈផ្សេងទៀតរួមមាន កាងការពារជំនួយបើកបរលើផ្លូវពិបាក ឬ Off-Road ខណៈ ផ្នែកខាងក្រោយមានចង្កៀង LED ត្រូវបានរចនាយ៉ាងទំនើប។
សម្រាប់វីដេអូ teaser នេះត្រូវបានបង្ហាញក្នុងអំឡុងពេលនៃការដាក់លក់នៅលើទីផ្សារនៃរថយន្ត Baojun KiWi ស៊េរីឆ្នាំ ២០២៣ ដែលជាម៉ូដែរអាប់ដេតរបស់ E300។ ជាមួយគ្នានេះ Baojun ក៏បានចែករំលែកវីដេអូនេះនៅលើទំព័រផ្លូវការរបស់ពួកគេនៅលើបណ្តាញសង្គមចិន Weibo ហើយរំពឹងថានឹងប្រើប្រាស់គ្រោងឆ្អឹងរបស់ខ្លួនជាមួយ Baojun KiWi និង Wuling Hongguang Mini EV ទោះបីជាមិនទាន់មានការបញ្ជាក់ក៏ដោយ។
បើនិយាយពីថាមពលវិញ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញថា រថយន្តនេះអាចបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន២ ដែលផ្តល់នៅកម្លាំង ១០៨ សេះ ផ្គួបជាមួយអាគុយពី KiWi Plus ទំហំ ៣១,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។
គួរបញ្ជាក់ផងដែរថា យោងតាមគេហទំព័រ Car News China រថយន្តអគ្គិសនីនេះត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាគំរូរថយន្តនៅក្នុងកម្មវិធី Guangzhou Auto Show នៅខែវិច្ឆិកានេះ។ សម្រាប់ការដាក់បង្ហាញជាផ្លូវការមានពាក្យចចាមអារ៉ាមថានឹងចាប់ផ្តើមនៅក្នុងប្រទេសចិនក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣ ៕